(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន បានចុះត្រួតពិនិត្យ និងចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ភ្លាមៗ ក្រោយហេតុការណ៍អាក្រក់នេះ បានកើតឡើងមិនប៉ុន្មានម៉ោង។
លោកស្រី បាន ស្រីមុំ ជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានចុះត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន ៦៥ខ្នង ក្នុងនោះ ខូចខាតធ្ងន់ធ្ងរ មានចំនួន ២៣ខ្នង។ ភូមិចំនួន៥ ដែលរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ក្នុងនោះ រួមមានភូមិដីក្រហម ភូមិកូនភ្នំ ភូមិអូរតាវ៉ៅ ភូមិខ្លុង និង ភូមិក្បាលព្រលាន។
ក្រៅពីនោះ លោកស្រី បាន ស្រីមុំ និងក្រុមការងារ ក៏បាននាំយកអំណោយជួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋភ្លាមៗផងដែរ។
គួរកត់សំគាល់ថា លោកស្រី បាន ស្រីមុំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលប៉ៃលិន គឺជាតំណាងរាស្រ្ត ដែលសកម្មក្នុងការចុះជួយប្រជាពលរដ្ឋ នៅតាម មូលដ្ឋាន ជាញឹកញាប់ ខណៈ ដែលអភិបាលខេត្តប៉ៃលិន ស្ងាត់ដូចចោរលួចសេះ ពោលគឺ មិនសូវមានសកម្មភាពអ្វីទាល់តែសោះ ក្នុងការចុះជួយប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន៕