(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជំរុញឱ្យពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប ឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីប្រយោជន៍ ប្រជាជាតិតំបន់ទាំងពីរ ហើយសម្តេចបានប្រកាសថា «យើងមិនគួរដាក់បញ្ហានយោបាយមករាំងខ្ទប់ពាណិជ្ជកម្មសេរីឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងសន្និសីទរួមនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអឺរ៉ុប បើទោះបីជាតំបន់ទាំងពីរនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ សម្តេចបានបង្ហើបអំពីបំណងរបស់ថ្នាក់ដឹកនាំតំបន់ទាំងពីរ ដែលចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-អឺរ៉ុប នាពេលនេះ។
«ហើយអ្វីដែលជាបំណងធំ ដែលរកឃើញនៅក្នុងអង្គប្រជុំរបស់យើងនេះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន ជាមួយអឺរ៉ុប តំបន់ទាំងពីរ គប្បីធ្វើកិច្ចការងារនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា អាស៊ានមិនមែនរង់ចាំអ្វីៗក៏ជួយដោយអឺរ៉ុបនោះទេ ប៉ុន្តែត្រូវបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចតំបន់ទាំងពីរ។ អាស៊ានមិនមែនចង់ឱ្យប្រជាជនយើងក្ររហូត ហើយត្រូវរង់ចាំជំនួយពីអឺរ៉ុបនោះទេ។ ដោយសារកត្តានេះហើយ តំបន់ទាំងពីរបានផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «យើងមិនគួរដាក់បញ្ហានយោបាយមករាំងខ្ទប់ពាណិជ្ជកម្មសេរីនោះឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រសាសន៍របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងពិធីបើកកិច្ចប្រជុំ ដោយលើកឡើងថា ភាពជាដៃគូត្រូវតែស្មើភាព មិនអាចយកច្បាប់របស់ផ្នែកមួយទៅដាក់ផ្នែកមួយនោះទេ។ «មិនអាចផ្អែកលើសភាពការណ៍មីយ៉ាន់ម៉ា ឬប្រទេសណាមួយ បែរជារំខាន ដល់កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។
សម្តេចបានបញ្ជាក់ទៀតថា៖ «ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស តើអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសណាខ្លះនៅក្នុងអាស៊ាន? តើសិទ្ធិមនុស្សនៅប្រទេសទាំងនោះវាយ៉ាងម៉េច? ពិតណាស់ចំណុចនេះមិនមែនអ្វីៗសុទ្ធតែត្រូវគ្នាទាំងអស់នោះទេ ប៉ុន្តែយើងមានចំណុចរួមមួយ គឺតម្រង់ទៅរកគោលដៅ នៃការផ្សារភ្ជាប់រវាងតំបន់ទាំងពីរ»។
តំបន់អាស៊ានទាំងមូល គឺជាដៃគូពាណិជ្ជកម្មដ៏ធំទី៣ របស់អឺរ៉ុប បន្ទាប់ចិន និងសហរដ្ឋអាមេរិក។ នេះបើតាមគេហទំព័រគណៈកម្មការអឺរ៉ុប។ ទំហំពាណិជ្ជកម្មទ្វេភាគីតំបន់ទាំងពីរបានកើនដល់ប្រមាណ ២២៩.៩ពាន់លានដុល្លារ នៅឆ្នាំ២០២១៕