(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបន្លំផ្តិតមេដៃថ្វាយព្រះមហាក្សត្រ របស់គណបក្សសង្រ្គោះជាតិនាពេលកន្លងទៅ គឺជាការប្រមាថធ្ងន់ធ្ងរដល់ព្រះមហាក្សត្រ និងប្រជារាស្រ្ត ហើយសម្តេចបានព្រមានប្រើវិធានការផ្លូវច្បាប់ ចំពោះករណីនេះ។
ក្នុងពិធីចែកសញ្ញាបត្រដល់សិស្សមន្រ្តីសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «អារឿងផ្តិតមេដៃនេះ មិនទាន់រួចខ្លួនទេ លេងម្នាក់ផ្តិតមេដៃ៨២ ជាការប្រមាថព្រះមហាក្សត្រធ្ងន់ណាស់ បោករាស្រ្តធំណាស់ ប៉ុន្តែអាហ្នឹងចាំមើលអ្នកឯកទេស ប៉ុន្តែខ្ញុំត្រូវបំពេញកាតព្វកិច្ច ធ្វើយ៉ាងម៉េចក្នុងឋានៈជានាយករដ្ឋមន្រ្តី មិនត្រូវបោកស្តេចតាមគេទេ ខ្ញុំឱ្យធ្វើការស្រាវជ្រាវ ហើយខ្ញុំធ្វើតាមច្បាប់ សុំអ្នកការទូតនានា កុំថា ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដោះស្រាយ បើមិនប្រើច្បាប់ មានតែប្រើកាំភ្លើង»។
ការព្រមានរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបានរកឃើញអំពីភាពមិនប្រក្រតី នៃស្នាមមេដៃ របស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដាក់ថ្វាយព្រះមហាក្សត្រ នាថ្មីៗនេះ។ សមត្ថកិច្ច បានប្រកាសថា នៅក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ មានភាពមិនប្រក្រតីមួយចំនួន រួមមាន៖
ទី១៖ ស្នាមមេដៃធ្វើឡើង តែ២១រាជធានី-ខេត្ត ខុសពីការបញ្ជាក់ថា ប្រមូលនៅទូទាំង២៥រាជធានី-ខេត្ត។
ទី២៖ ស្នាមមេដៃ ដែល ប្រមូលបាននៅក្នុងញត្តិ គឺមានស្នាមមេដៃ តែអត់មានឈ្មោះ មានខ្លះទៀត មានស្នាមមេដៃ មានឈ្មោះតែគ្មានអាស័យដ្ឋាន និងខ្លះទៀតមានឈ្មោះ អត់មានស្នាមមេដៃ និងអ្វីដែលពិសេសនោះ គឺមានស្នាមមេដៃតែមួយ បានផ្តិតលើឈ្មោះអ្នកដទៃរហូតទៅដល់៨៦នាក់។
សូមជំរាបថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ តំណាងដោយលោក យ៉ែម បុញ្ញរិទ្ធ បានធ្វើញត្តិមួយអមដោយ ស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួន ១៨ដុំ ស្មើនឹងជាង១៧ម៉ឺនស្នាមមេដៃ ដង្ហែទៅថ្វាយព្រះមហាក្សត្រខ្មែរ ដោយទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិ មនុស្សអាដហុក ៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត១រូប។ ក្នុងញត្តិក៏ទាមទារឲ្យដោះលែងសកម្មជនមន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្ត គណបក្សគណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ៕