(ព្រុចសែល, បែលហ្ស៉ិក)៖ សហភាពអឺរ៉ុប បានសន្យាថា ខ្លួននៅតែបន្តជួយដល់កម្ពុជា បើទោះបីកម្ពុជាចេញពីឋានៈ ប្រទេសអភិវឌ្ឍន៍តិចតួចក្តី។

ការអះអាងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ Valdis Dombrovskis ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជម្រាបអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងងើបប្រសើរឡើងវិញ មានដូចជាការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច, ការខិតខំស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលផ្តោតលើវិស័យអាទិភាពជាច្រើនឆ្លើយតបនឹងការអភិវឌ្ឍពាណិជ្ជកម្មនិងវិនិយោគ កិច្ចសហប្រតិបត្តិការ និងការឈានឆ្ពោះទៅចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសហភាពអឺរ៉ុប និងប្រជាជនអឺរ៉ុប ចំពោះការគាំទ្រ និងការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអភិវឌ្ឍន៍លើវិស័យសំខាន់ៗរបស់កម្ពុជាដូចជា ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងការកសាងធនធានមនុស្សជាដើម។

លោក Valdis Dombrovskis បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលមានស្ថានភាពល្អប្រសើរ ទោះបីជាក្នុងដំណាក់កាលនៃបញ្ហាប្រឈមបង្កដោយ ជំងឺរាតត្បាតសកលក៏ដោយ។

លោកស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានទទួលស្គាល់អំពីផលលំបាកដែលកម្ពុជា អាចនឹងជួបប្រទះ ក្រោយពេលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការ។ បើទោះបីជាយ៉ាងណា លោកស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានប្រកាសថា សហភាពអឺរ៉ុប នឹងបន្តអនុវត្តយន្តការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលគ្រោងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនេះ រួមទាំងកម្ពុជាផងដែរ សំដៅឈ្ពោះទៅប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ នាពេលខាងមុខ។

ទន្ទឹមនឹងនោះ សហភាពអឺរ៉ុប ក៏បានសន្យាថា នឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពជូនដល់កម្ពុជាតាមការចំាបាច់ សំដៅជួយដល់បំណងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា។

សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ ភាគីសហភាពអឺរ៉ុប បានជម្រាបអំពីការគាំទ្ររបស់សហភាពអឺរ៉ុប ដល់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ហើយបានលើកពីសេចក្តីព្រាងផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត ASEAN-EU (2023-2027) និងអំពីកិច្ចពិគ្រោះយោបល់ ASEAN-EU Consultation ដែលនឹងក្លាយជាកត្តានាំផ្លូវសម្រាប់វឌ្ឍនភាពទៅថ្ងៃខាងមុខនៃការចរចាបង្កើត ASEAN-EU Free Trade Agreement។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានឯកភាព និងប្តេជ្ញាបន្តកិច្ចសន្ទនាល្អ ក៏ដូចជាដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតប្រកបដោយស្មារតីជួយគ្នា បំពេញបន្ថែម និងគោរពគ្នាទៅវិញទៅមក៕