(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅស្រុកភ្នំស្រុក ក្រោមអធិបតីភាព លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក អ៊ី ឡុង អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ។

ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្ត ដែលមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតនោះ រួមមានការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋានដោយ ផ្តោតជំរុញទៅលើការជួសជុលផ្លូវថ្នល់ដែលរងការខូចខាត, ការកសាងប្រព័ន្ធប្រឡាយទឹកសំរាបំរើការងារកសិកម្ម, ការផ្ដល់សេវារដ្ឋបាលសាធារណៈការធ្វើអត្តសញ្ញាណប័ណ្ណ, ការចុះសំបុត្រអត្រានុកូលដ្ឋាន, ការងារដោះស្រាយទំនាស់ដីធ្លី ជាដើម។

លោក ខេង ស៊ុម បានថ្លែងថា អង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់នាថ្ងៃនេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត ចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបន្ដទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផល ដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបាន ទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែ លំអ និងដោះស្រាយ ឲ្យកាន់តែល្អប្រសើរ ស្របទៅនឹងតម្រូវការជាអាទិភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នាឱកាសនោះ លោក អ៊ុំ រាត្រី បានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងនោះ ធ្វើការដោះស្រាយដោយផ្ទាល់នៅនឹងកន្លែង ជាមួយអង្គភាពពាក់ព័ន្ធ ហើយបញ្ហាដែលនៅសេសសល់ និងត្រូវដាក់បញ្ជូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត៕