(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់គណបក្សនយោបាយខ្លះនៅកម្ពុជា ដែលបានដើរបោកប្រាស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ហើយទារលុយពីសមាជិរបស់ខ្លួន ដែលចង់ឈរឈ្មោះធ្វើជាតំណាងរាស្រ្ត។ ទោះជាយ៉ាងណាសម្តេចពុំបាននិយាយចំៗថា គណបក្សនោះឈ្មោះអ្វីនោះទេ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ សិស្សមន្រ្តីសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានលើកឡើងថា មានគណបក្សមួយ បានដើរឃោសនានៅតាមមូលដ្ឋានដោយសន្យាឱ្យយុវជន និងកូនអ្នកក្រីក្រមានឱកាសធ្វើជាតំណាងរាស្រ្ត ធ្វើរដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី ប៉ុន្តែបែរជាធ្លាយដំណឹងថា គណបក្សនោះបានទារប្រាក់យ៉ាងច្រើន ពីសមាជិករបស់ខ្លួន ដែលចង់ឈរឈ្មោះជាតំណាងរាស្រ្តទៅវិញ។
សម្តេចបានបន្ថែមថា បើធ្វើដូច្នេះនោះ អ្នកក្រនឹងមិនមានឱកាសនោះទេ ដោយសារតែអ្នកក្រីក្រ មិនមានលទ្ធភាពក្នុងការបង់លុយច្រើន ដើម្បីឈរឈ្មោះជាតំណាងរាស្រ្តឡើយ។ សម្តេច ថា «មានតែអ្នកមានលុយប៉ុណ្ណោះ ដែលមានលទ្ធភាពឈរឈ្មោះ អ្នកដែលអស់លុយហើយ គឺអ្នកហ្នឹងលែងបានធ្វើតំណាងរាស្រ្តហើយ នឹងមានអ្នកថ្មីចេញមុខ ទើបបានជាមានជម្លោះ កុំអាលជឿខ្ញុំ ប៉ុន្តែយកទៅពិចារណា តើពិតប្រាកដទេដែលគេមកសន្យាថា ក្មួយឯងប្រឹងធ្វើសកម្មភាពទៅ នឹងបានឈរជាតំណាងរាស្រ្ត ប៉ុន្តែកុំភ្លេចថា អ្នកដែលទៅនិយាយនោះ សូម្បីតែខ្លួនឯងក៏អត់លុយបង់ដែរ បោកតគ្នារហូត»៕