(ប៉ារីស)៖ ក្រុមតោកំណាចអង់គ្លេស ត្រូវប៉ះជម្រើសជាតិស្លូវ៉ាគី និងឥន្រ្ទីមាសរុស្ស៊ី ជួបក្រុមនាគសមុទ្រវ៉េល ដែលត្រូវ ការឈ្នះដាច់ដូចគ្នា តានតឹងបំផុតបញ្ចប់ប្រកួតជម្រុះក្នុងពូល B រាត្រីនេះក្នុងព្រឹត្តិការណ៍បាល់ទាត់ UEFA Euro 2016 នៅប្រទេសបារាំង។
សារព័ត៌មាន Sky Sports បានឲ្យដឹងថា ទាំង៤ក្រុមខាងលើនេះ ពុំមានក្រុមណាមួយប្រាថ្នាត្រឹមស្មើដូចបារាំង និងស្វីសយប់មិញឡើយ ហើយគ្រាប់បាល់អាចនឹងកើតមានជាមិនខាន ដោយសារតែកំពុងមានពិន្ទុប្រកៀកគ្នាទាំងអស់ ដោយអង់គ្លេស មាន៤ពិន្ទុឈរនៅកំពូល តារាង វ៉េលឈរនៅលេខ២ មាន៣ពិន្ទុ ស្មើនឹងស្លូវ៉ាគីឈរនៅលេខ៣ផងដែរ ក្រៅពីរុស្ស៊ី មាន១ពិន្ទុ ឈរនៅលេខ៤ បាតតារាងប្រចាំពូល B បណ្តោះអាសន្ន។
២ក្រុម ឈរនៅកំពូលតារាងក្នុងពូល B ក្រោយបញ្ចប់ប្រកួតលើកទី៣ យប់នេះ និងត្រូវឡើងទៅជួបក្រុមម្ចាស់ផ្ទះ បារាំង ក៏ស្វីសដែលកំពុង ឈរចាំមុននៃវគ្គចាញ់ធ្លាក់ ១៦ក្រុមចុងក្រោយ បន្ទាប់ពីបញ្ចប់ប្រកួតជម្រុះសន្សំពិន្ទុក្នុងពូល A យប់មិញនេះ ដោយលេខ១ពូល B ត្រូវជួប លេខ២ ពូល A និងលេខ១ ពូល A ត្រូវជួបលេខ២ ពូល B វិញជាច្បាប់ របស់ UEFA។
អង់គ្លេស ជាក្រុមដែលរកបាន ៤ពិន្ទុទាំងលំបាកឈរនៅកំពូលតារាង បន្ទាប់ពីឈ្នះវ៉េល ២-១ នៅនាទីចុងម៉ោងកាលពី ប៉ះគ្នាក្នុងប្រកួត ទី២របស់គេ ក្រោយរកបាន១ពិន្ទុ ពេលប្រកួតស្មើទល់នឹងរុស្ស៊ី ១-១ ដែលធ្វើឲ្យក្រុមលេងល្អបំផុត តាំងពីវគ្គជម្រុះមួយនេះព្រលឹងចុងសក់ គ្រាដែលរុស្ស៊ី ត្រូវយកឈ្នះវ៉េល ឲ្យបានរាត្រីនេះ ដើម្បីបន្តក្តីសង្ឃឹមទៅវគ្គ ១៦ក្រុម ត្បិតជាក្រុមកំពុងឈរនៅបាតតារាងនៅឡើយ។
២ប្រកួតក្នុងពូល B រាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង ២រំលងអាធ្រាត្រដូចគ្នា (ម៉ោងនៅកម្ពុជា) ដោយអង់គ្លេស ប៉ះស្លូវ៉ាគី ក្នុងពហុកីឡដ្ឋាន Stade Geoffroy Guichard នៃទីក្រុង Saint-Etienne គ្រាដែលរុស្ស៊ី ប៉ះវ៉េល នៅឯកីឡដ្ឋាន Stadium Municipal ស្ថិតក្នុងទីក្រុង Toulouse ប្រទេសបារាំងដូចគ្នា៕