(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជទិវាជាតិវិទ្យាសាស្រ្តប្រព័ន្ធប្រសាទលើកទី១ ក្នុងមន្ទីរពេទ្យកាល់ម៉ែត។
ការប្រារព្ធព្រះរាជទិវាជាតិនេះ ក៏មានការចូលរួមពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក Francois Xavier ROUX សាស្រ្តាចារ្យវះកាត់ប្រព័ន្ធប្រសាទ និងជាអ្នកប្រឹក្សាយោបល់ក្នុងមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងមានមន្រ្តីសុខាភិបាល់ជាតិ និងអន្តរជាតិចូលរួមជាច្រើននាក់ ដែលបានធ្វើឡើងក្នុងអគារប្រព័ន្ធប្រសាទផ្ទាល់។ ថ្លែងក្នុងពិធីប្រារព្ធទិវាជាតិខាងលើ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា អគារប្រព័ន្ធប្រសាទ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងមានការអមដំណើរដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោករដ្ឋមន្រ្តីបានបន្ថែមថា «មន្ទីរពេទ្យកាល់ម៉ែតមានបុគ្គលិកបម្រើការចំនួន១,២៤២នាក់ ក្នុងនោះមានសាស្រ្តាចារ្យ៤១នាក់ វេជ្ជបណ្ឌិឯកទេស១២១នាក់ វេជ្ជបណ្ឌិត៤២នាក់ ឱសថបណ្ឌិត៤នាក់ គិលានុបដ្ឋាក-យិកាមធ្យម, គិលានុបដ្ឋានដាក់ថ្នាំសណ្ដំ និងឆ្មប ៦៤៤នាក់ និងបុគ្គលិកផ្សេងៗ ចំនួន៣៩០នាក់»។
សូមជម្រាបថា ព្រះរាជទិវាជាតិវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ ខាងលើនេះជាការប្រារព្ធឡើងដំបូងបង្អស់ នៅប្រទេសកម្ពុជា ដែលត្រូវបានរៀបចំក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ ដោយកំណត់យកថ្ងៃទី២០ ខែមិថុនានេះ ជាថ្ងៃប្រារព្ធតរៀងទៅ៕