(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA អញ្ជើញចុះសួរសុខទុក្ខក្មួយៗ មានជំងឺបេះដូង ដែលបានវះកាត់រួចចំនួន១០០នាក់ និងអាណាព្យាលក្មួយៗ នៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនោះ លោកស្រីអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានឧបត្ថម្ភអាហារចំនួន២២១០កញ្ចប់ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត។

ក្មួយៗ មានជំងឺបេះដូងដែលបានវះកាត់រួច និងអាណាព្យាបាល បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ពេជ ចន្ទមុន្នី ដែលមានទឹកចិត្តល្អប្រពៃសណ្តោសប្រណី គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់អាណិតអាសូរគិតគូរយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ក្មួយៗកុមារ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក ព្រមទាំងផ្ដល់ថវិកាសម្ភារៈម្ហូបអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

ថ្នាក់ដឹកនាំសាស្ត្រាចារ្យ បុគ្គលិក គ្រូពេទ្យនៃមន្ទីរគន្ធបុប្ផា បានបង្ហាញនូវសេចក្តីសុខរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែចុះមកសួរសុខទុក្ខ និងគិតគូរពីកុមារភាពរបស់ក្មួយៗនៅក្នុងមន្ទីរពេទ្យនេះ៕