(សៀមរាប)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានយាងចុះជួបសំណេះសំណាលសមាជិកសមាជិកា និងរចនាសម្ព័ន្ធសរុប១៥០នាក់ ស្ថិតនៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ព្រះប្រធានមានព្រះបន្ទូលថ្លែងនូវការកោតសរសើរយ៉ាងកក់ក្តៅចំពោះសមាជិកសមាជិកា ដែលតែងតែមានបេះដូង ភក្តីស្មោះត្រង់ក្នុងការបម្រើបំពេញការងារជូនគណបក្សហ៊្វុនស៊ិនប៉ិច ហើយចាត់ទុកថា វីរភាពដ៏អស្ចារ្យរបស់សហជីវិន សហជីវិន គឺជាកម្លាំងដ៏រឹងមាំក្នុងការស្តារឡើងវិញនូវប្រជាប្រិយភាពគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យកាន់តែខ្លាំងក្លាជឿនលឿនជាលំដាប់។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានថ្លែងថា «យើងខិតខំទាំងអស់គ្នាពង្រឹងស្មារតីអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម អ្នកស្នហាជាតិ កុំបែកបាក់ នោះយើងពិតជាខ្លាំង ខ្មែរយើងមានជ័យជម្នះឈ្នះអស់មារសត្រូវ ហើយសូមកុំជឿពាក្យគេញុះញុងឱ្យសោះ»។

ព្រះអង្គម្ចាស់ក៏បានមានព្រះបន្ទូលសង្កត់ធ្ងន់ថា គណបក្សហ៊្វុនស៊ិនប៉ិច គឺកេរដំណែលដ៏ពិសិដ្ឋនៃព្រះករុណាព្រះបរមរតនកោដ្ឋ មានប្រវត្តិសាស្ត្រច្បាស់លាស់ ដូច្នេះហើយយើងទាំងគ្នាជាកូនចៅ ចៅទួតចាំបាច់ត្រូវមានភារកិច្ច រួបរួមសាមគ្គីគ្នា ដើម្បីការពារមរតកមួយនេះឱ្យគង់វង្សស្ថិតស្ថិរជាអមតៈ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្តេជ្ញាធ្វើយ៉ាងណាឱ្យគណបក្សហ៊្វុនស៊ិនប៉ិចមានគាំទ្រសារជាថ្មី និងទទួលបានអាសនៈក្នុងរដ្ឋសភាជាតិ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីករាយចម្រើន សម្បូរសប្បាយ រុងរឿងជានិរន្តរ៍៕