(ព្រះវិហារ)៖ បុរសជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងយោធាឃាត់ខ្លួន និងដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនទៀត នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

មន្ត្រីយោធាស្រុកឆែប បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាមេបញ្ជាការទិសកំពង់ស្រឡៅ និងដោយមានការសង្ស័យថា មានជនជាតិខ្មែរម្នាក់បើកទូកឆ្លងដែនមកពីប្រទេសឡាវ លោកបានដាក់បទបញ្ជាឲ្យកម្លាំងផ្នែកសឹករងឆែប ដឹកនាំដោយលោកអនុសេនីទោ រស់ សារុន មេបញ្ជាការស្រុកឆែប លោកអនុសេនីយ៍ឯក ប៊ុនថា លោកវរៈសេនីយ៍ត្រី ថោង ស៊ីថា មេបញ្ជាការរងស្រុក បានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្រ្តភូមិកំពង់ព្រះឥន្ទ បានបញ្ជាឲ្យកម្លាំងយោធា ដែលឈរជើងនៅលើកោះ ដឹកនាំដោយលោក ជូ សំ និងលោកវរៈសេនីយ៍ត្រី យ៉ែន វ៉ានឌី នាយរងការិយាល័យ (ក២) បានធ្វើការឃាត់ទូក១គ្រឿង ដើម្បីត្រួតពិនិត្យ។

ជាលទ្ធផលបានរកឃើញថ្នាំញៀនចំនួន៤៥គ្រាប់ ប្រាក់ឡាវចំនួ១៩៤០០០០គីប និងទូរស័ព្ទ១គ្រឿង។ ដោយឡែកអ្នកបើកបរទូកជាជនជាតិខ្មែរ ឈ្មោះ ប៊ុន ស៊ីធាង អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានឃាត់ខ្លួន និងប្រគល់ឲ្យជំនាញចាត់ការបន្តតាមនិតិវិធីច្បាប់៕