(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យប្រទេសជាតិយើង ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យថែមទៀត។
ការថ្លែងបែបនេះ របស់លោក មាស សុភា ក្នុងឱកាសដែលលោក អញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់អគាស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជា ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត។
លោក មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេចជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននៅក្នុងពិធីនេះផងដែរ។
លោក មាស សុភា ក៏បានថ្លែងទៀតថា ថ្ងៃនេះគឺជាមោទនភាពសម្រាប់ឃុំត្បែងពីរ ដែលនឹងទទួលបាននូវអគារទីស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជានាពេលខាងមុខ តាមរយៈការចាប់ផ្ដើម និងកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសងនាឱកាសនេះ។
លោកថា នេះគឺជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលផ្សេងៗជាច្រើនទៀត សម្រាប់ស្រុកគូលែន ក៏ដូចជាខេត្តព្រះវិហារ ដែលថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីបានខិតខំយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងកសាងឲ្យមានការីកចំរើនរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ដែលបានធ្វើឲ្យប្រទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះ។
លោក មាស សុភា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានចាក់គ្រឹះតាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់មូលដ្ឋាន យើងមានកន្លែងធ្វើការសមរម្យ បើប្រៀបធៀបជាមួយគណបក្សផ្សេងមួយចំនួនទៀត គឺគេធ្វើការតាមផ្ទះ តាមក្រោមដើមឈើនៅឡើយទេ។
លោកក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដើម្បីឲ្យប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ឲ្យកាន់តែរីកចម្រើនថែមទៀត៕