(កូឡុំបូ-ស្រីលង្កា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Dinesh Gunawardena នាយករដ្ឋមន្ត្រី នៃប្រទេសស្រីលង្កា។
ក្នុងជំនួបនេះ លោក Dinesh Gunawardena បានបង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា-ស្រីលង្កា តាំងពីសម័យកាលសង្គមរាស្ត្រនិយម ដែលមានព្រះបាទ នរោត្តម សីហនុ ព្រះអង្គជាព្រះប្រមុខរដ្ឋ មកម្ល៉េះដែលពេលនោះលោកនៅក្មេងក៏មានឱកាសទៅទទួលសម្ដេចឪផងដែរ ដែលព្រះបាទ នរោត្តម សីហនុ ព្រះអង្គធ្លាប់យាងមកទស្សនកិច្ចនៅស្រីលង្កា។
លោកនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការគាំទ្រចំពោះកាបើកការហោះហើរត្រង់ពីកូឡំបូរ មកកម្ពុជាដេីម្បីជំរុញវិស័យទេសចរណ៍ទូទៅ និងទេសចរណ៍សាសនា ការទំនាក់ទំនងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទៅវិញទៅមក ឲ្យបានរីកចម្រើនកើនឡើង ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សិក្សាដើម្បីបង្កើតឲ្យមានស្ថានកុងស៊ុល ដើម្បីបង្កនូវភាពងាយស្រួលបន្ថែមទៀត។
លោក Dinesh Gunawardena ក៏បានស្ញប់ស្ញែង និងកោតសរសើរដល់កម្ពុជា ដែលជាប្រទេសសម្បូរទៅដោយសម្បត្តិធម្មជាតិ ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ដ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺសុះសាយពេញពិភពលោក ដែលជាសម្បត្តិពិភពលោក ។
ក្នុងឱកាសនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់នាយករដ្ឋមន្ត្រីស្រីលង្កា ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត។ លោកបានលើកឡើងពីការផ្សាភ្ជាប់កម្ពុជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត និងបានលើកឡើងពីដំណើរការលើវិស័យទេសចរណ៍ មុន និងក្រោយវិបត្តិកូវិដ១៩ និងការងើបឡើងវិញនាពេលបច្ចុប្បន្ននេះ ដែលសេដ្ឋកិច្ចកម្ពុជាក៏រំពឹងថា ងើបឡើងវិញជាបន្តបន្ទាប់។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់ជូននូវសិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា។ រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដោយឥតឈប់ឈរ។
ទាំងនាយករដ្ឋមន្ត្រីស្រីលង្កា និងទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សង្ឃឹមយ៉ាងមុតមាំថា កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានភាពកាន់តែរឺងមាំល្អប្រសើរឡើងនៅពេលខាងមុខ៕