(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ ដាំង ស៊ុនហុង ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម ខណៈដែលលោកដឹកនាំប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ជំនួបសម្តែងការគួរសមនេះ ធ្វើឡើងនារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ដាំង ស៊ុនហុង បានរាយការណ៍ជូននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អំពីលទ្ធផលកិច្ចសហប្រតិបត្តការលើកិច្ចការទំនាក់ទំនងទ្វេភាគីរវាងនគរបាលជាតិកម្ពុជា និងនគរបាលវៀតណាម ដែលសម្រេចបានក្នុងឆ្នាំ២០២២ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលចំពោះកិច្ចសហការដ៏ល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសការធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ជារួម នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ ដាំង ស៊ុនហុង ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ដោយបានអញ្ជើញនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងសហការីអញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលសមស្រមណាមួយផងដែរ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរ និងគាំទ្រចំពោះយន្តការ នៃកិច្ចសហប្រតិបត្តិការនាយកដ្ឋានជំនាញទាំងពីរ និងបានចង្អុលដឹកនាំអោយមានការបង្កើតកិច្ចសហប្រតិបត្តិការការងារបណ្តុះបណ្តាល និងបានទទួលយកនូវការអញ្ជើញទៅទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម៕