(ប៊ែលហ្ស៊ិក)៖ ក្នុងឱកាសអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សារវីយ៍លើកទី៤៥ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានស្ថាប័នបារកូដកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក រឹណូត ដឺ បាបួត (Renaud de Barbuat) ប្រធានស្ថាប័នបារកូដអន្តរជាតិ។
ជំនួបពិភាក្សានេះផ្តោតជាសំខាន់ ទៅលើការជំរុញបច្ចេកវិទ្យាបារកូដនៅកម្ពុជា និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ នៅទូទាំងអាស៊ាន។
លោក រឹណូត ដឺ បាបួត បានជម្រាបជូនអ្នកឧកញ៉ា គិត ម៉េង អំពីទិសដៅយុទ្ធសាស្ត្ររបស់ស្ថាប័នបារកូដ នៅទូទាំងពិភពលោក ក្នុងការជំរុញបច្ចេកវិទ្យាឌីជីថលក្នុងវិស័យឧស្សាហកម្ម និងជួយដោះស្រាយខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
លោកបន្តថា ស្ថាប័នបារកូដត្រូវបានបង្កើតឡើង និងដំណើរការរយៈពេលជាង ៥០ ឆ្នាំមកហើយ។ បច្ចុប្បន្ន វិស័យសំខាន់ៗ ដែលបច្ចេកវិទ្យាបារកូដកំពុងប្រើប្រាស់រួមមាន៖ វិស័យលក់រាយ សុខាភិបាល ដឹកជញ្ជូន ភស្តុភារ និងម្ហូបអាហារ។
លោក រឹណូត បញ្ជាក់ថា ចំនុចអាទិភាពដែលស្ថាប័នបារកូដ ផ្តោតជាសំខាន់គឺ ១-ទិនន្ន័យអំពីក្រុមហ៊ុនសហគ្រាស ២-បច្ចេកវិទ្យាបារកូដ និង ៣-ស្តង់ដារ។ ក្នុងន័យនេះ លោកមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ ស្ថាប័នបារកូដកម្ពុជា ក្នុងការជំរុញស្តង់ដារ និងបច្ចេកវិទ្យាបារកូដ និងស្នើអ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ ទៅទូទាំងអាស៊ាន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានស្ថាប័នបារកូដកម្ពុជា ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នបារកូដអន្តរជាតិ ចំពោះការជំរុញបច្ចេកវិទ្យាបារកូដ និងអញ្ជើញលោក រឹណូត បំពេញទស្សនកិច្ចនៅកម្ពុជា និងរៀបចំព្រឹត្តិការណ៍បារកូដរួមគ្នា។
អ្នកឧកញ៉ាបានគូសបញ្ជាក់ពីសារៈសំខាន់នៃបច្ចេកវិទ្យាបារកូដ ក្នុងការសម្រួល និងជំរុញពាណិជ្ជកម្មអន្តរជាតិ ស្របតាមទិសដៅកិច្ចសហប្រតិបត្តិការអាស៊ាន-អឺរ៉ុប ក្នុងវិស័យឌីជីថល តំណភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
អ្នកឧកញ៉ាស្នើស្ថាប័នបារកូដអន្តរជាតិ ជួយគាំទ្រស្ថាប័នបារកូដកម្ពុជាខាងបច្ចេកទេស អនុលោមភាព និងស្តង់ដារ។ អ្នកឧកញ៉ា ក៏បានជម្រាបជូនអំពីការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានក្រុមហ៊ុនធំៗ លំដាប់ពិភពលោកជាច្រើន បានចូលមកវិនិយោគនៅកម្ពុជា។
ស្ថាប័នបារកូដ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៧៤ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក និង មានការិយាល័យចំនួន ១១៦ នៅទូទាំងពិភពលោក និងមានក្រុមហ៊ុនសហគ្រាស ជាសមាជិកបារកូដ ចំនួនជាង ២ លាន និងធ្វើប្រតិបត្តិការអាជីវកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាបារកូដជាង ៦ ពាន់លានប្រតិបត្តិការជារៀងរាល់ថ្ងៃ។ ស្ថាប័នបារកូដកម្ពុជា ចូលជាសមាជិកបារកូដ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ និងជាសមាជិកទី ១០០ របស់ស្ថាប័នបារកូដអន្តរជាតិមួយនេះ៕