(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែកន្លងមក ទីបំផុតបានរកឃើញក្រុមដែលលើកពានបាល់ទះ ពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) Division A ហើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ គឺក្រុមក្រសួងមហាផ្ទៃ ក្លាយជាម្ចាស់ជយលាភី ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើសាលាខេត្តកំពង់ចាម និងចំណាត់ថ្នាក់លេខ៣ កងពលធំអន្តរាគមន៍លេខ៣។
សម្រាប់ក្រុមក្រសួងមហាផ្ទៃ ដែលជាប់ចំណាត់លេខ១នេះ ទទួលបា្រក់រង្វាន់ ចំនួន១០,០០០ដុល្លារ និងពាន LEO Cup National Volleyball 2016 ,លេខ២ ចំនួន ៣,០០០ដុល្លារ, ក្រុមកងពលធំអន្តរាគមន៍លេខ៣ ជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២,០០០ដុល្លារ និងចំណាត់ ថ្នាក់លេខ៤ ទទួលបាន ១,០០០ដុល្លារ។ ក្រុមបាល់ទះ និងអ្នកគាំទ្រទាំងអស់នៅ ពហុកីឡដ្ឋាន អូឡាំពិក ក៏ទទួលបាននូវភាពសប្បាយ រីករាយជាមួយការប្រគំតន្ត្រី ដ៏អស្ចារ្យពីតារាចម្រៀង មាស សុខសោភា ផងដែរ។
ទន្ទឹមនឹងនោះ អ្នកតំណាងរបស់ស្រាបៀរលីអូ បានថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះថា «ខ្ញុំសូមសម្តែងនូវ មោទនភាពចំពោះសមត្ថភាព ដ៏មិនគួរឲ្យជឿរបស់ក្រុមនីមួយៗ ក្រុម Division A និងក្រុម Division B លេងបានល្អបំផុតក្នុងការ ប្រកួតបាល់ទះវគ្គផ្តាច់ព្រ័ត្រហើយឃើញថា មានអ្នកគាំទ្រអបអរពួកគេហ៊ូរយ៉ាងខ្លាំង។ នេះគឺជា ភាពអស្ចារ្យដែលបង្ហាញពីជំនាញ និងទេពកោសល្យក្នុងលេងបាល់ទះហើយយើង សង្ឃឹមថា ការប្រកួតពាន រង្វាន់ស្រាបៀរ LEO នេះនឹងជំរុញឲ្យ យុវជនកម្ពុជា កាន់តែចូលចិត្តបាល់ទះ និងជំរុញស្មារតី និងឧត្តមភាព នៃការសហការជាក្រុម ទាំងការប្រកួតកម្រិតថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ»។
អ្នកតំណាងរបស់ស្រាបៀរលីអូរូបនេះ ក៏សូមអរគុណដល់សហព័ន្ឋកីឡាបាល់ទះកម្ពុជា ដែលតែងតែចូលរួមសហការណ ជាមួយក្រុមហ៊ុន រហូតមក និងសូមអរគុណ ដល់ក្រុមកីឡាករទាំងអស់ ដែលខំប្រឹងអស់ពីសមត្ថភាព ក្នុងការប្រកួតនិងទស្សនិកជនទាំងអស់ ដែលចូលរួម គាំទ្រការប្រកួតនេះ ក៏ដូចជាចូលរួមជាមួយភាពអស្ចារ្យ អាចកើតមានឡើងគ្រប់ពេល ជាមួយស្រាបៀរលីអូ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតLEO Cup National Volleyball 2016 ដែលចាប់ផ្តើមការប្រកួត នៅថ្ងៃទី២៣ ខែកុម្ភៈ នៅរាជធានីភ្នំពេញ និងបញ្ចប់វគ្គជម្រុះនៅថ្ងៃទី ២២ ខែឧសភា នៅខេត្តសៀមរាប ដែលមានជ្រើសរើសក្រុមខ្លាំងទាំងដប់ មកពីតំបន់៥ ផ្សេងៗគ្នារួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាបដើម្បី ប្រយុទ្ធដណ្តើមជ័យលាភីរបស់ Division B។ អង្គភាពយោធាការពារកោះឆ្នេរលេខ៣១ បានដណ្តើមជើងឯក ខណៈពេលក្រុមអគ្គស្នងការប៉ូលីស ជាប់លេខ២ ក្នុងអំឡុងពេលការប្រយុទ្ធ កាលពីថ្ងៃទី១២ ខែមិថុនា នៅពហុកីឡដ្ឋានអូឡាំពិក។ ហើយក្រុម ទាំងពីរនេះត្រូវបានជម្រុះដើម្បីចូលរួមការប្រកួតរបស់ Division A ដែលជា អ្នកវគ្គផ្តាច់ព្រ័ត្រ។
ទន្ទឹមនឹងនេះ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Division A មានប្រាំមួយក្រុមដែលជាក្រុម ល្អបំផុតកាលពីឆ្នាំមុន មានដូចជាក្រុមកីឡាករ ខេត្តព្រៃវែង ក្រសួងមហាផ្ទៃ ខេត្តកំពង់ចាម បញ្ជាការដ្ឋានអង្គរក្ស ខេត្តបាត់ដំបង ក្រុមកងពលធំអន្តរាគមន៍លេខ៣ និងក្រុមដែលឈ្នះ ២ ក្រុមទៀត ដែលមកពី Division B ដែលបានប្រកួតកាលពីថ្ងៃទី១៩ ខែមិថុនា នៅពហុកីឡដ្ឋាន អូឡាំពិក៕