(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការសម្អាតប្រាក់» ក្រោមអធិបតីភាព បណ្ឌិត ម៉ិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងវាគ្មិនកិត្តិយស ពីអង្គភាពប្រឆាំងអំពើពុករលួយ អគ្គស្នងការដ្ឋាននគរបាលជាតិ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារដោយផ្ទាល់សរុបចំនួន ១៣៤រូប និងតាមប្រព័ន្ធអនឡាញ ZOOM សរុបចំនួន ១៣៥រូប។

លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករង បានលើកឡើងថា ការផ្តួចផ្តើមឲ្យមានសិក្ខាសាលានេះឡើង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើការស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ រវាងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធនានា និងដើម្បីអនុវត្តតាមផែនការសកម្មភាព របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោកបន្តថា ការរៀបចំសិក្ខាសាលានេះ គឺមានគោលបំណងផ្តល់ការឈ្វេងយល់បន្ថែម ពីបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹងការ ស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ ជូនថា្នក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ថ្នាក់ដឹកនាំ នាយកដ្ឋាន ថ្នាក់កណ្តាល ប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីស៊ើបអង្កេតទាំងអស់។

លោកបណ្ឌិត ម៉ិញ បានកុសល បានបន្ដទៀតថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានសហការយ៉ាងល្អ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ ស្ថាប័នអយ្យការ និងស្ថាប័នដទៃទៀត ក្នុងការផ្លាស់ប្តូរព័ត៌មាន ស៊ើបអង្កេត ឆែកឆេរ ឃាត់ខ្លួន នាំខ្លួន សួរចម្លើយ និងបញ្ជូនទៅអយ្យការ និងតុលាការ ដើម្បីធ្វើការចោទប្រកាន់ បង្កកទ្រព្យ និងជំនុំជម្រះចំពោះបទល្មើសពន្ធដារ រួមទាំងបទល្មើសសម្អាតប្រាក់ចំពោះសំអាងបទល្មើសពន្ធដារ ដែលបានរួមចំណែកធ្វើ ឲ្យមានការវាយតម្លៃល្អពីក្រុមការងារ ICRG-JG និងរហូតឈានដល់ការចុះធ្វើទស្សនកិច្ច ដល់ទីកន្លែង (On Site Visit) ពីក្រុមការងារ ICRG-JG នៅខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

លទ្ធផលនៃកិច្ចសហការល្អរវាងស្ថាប័ននេះ បានពង្រឹងនូវអនុលោមភាពសារពើពន្ធ និងបានរួមចំណែកធ្វើឲ្យការប្រមូលចំណូលពន្ធ ឲ្យមានកំណើនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យការប្រមូលចំណូល បានលើសផែនការដែលច្បាប់កំណត់។ លទ្ធផលជាផ្លែផ្កាទាំងនេះ គឺកើតចេញ ពីកំណែទម្រង់ពន្ធដារ ដែលជាផ្នែកមួយនៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដ៏មុតស្រួច របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ទាប់មក លោក ស្រ៊ុន អង្គរ៉េន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ បានធ្វើបទបង្ហាញស្តីពីការ ស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ និងបានចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តការងារស៊ើបអង្កេតផ្ទាល់ផងដែរ ដោយបានគូសបញ្ជាក់ថា ការស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ គឺត្រូវអនុវត្តស្របតាមនិយាមនីតិវិធីប្រតិបត្តិការងារ (Standard Operating Procedures - SOP) របស់អគ្គនាយកដ្ឋានពន្ធដារ សំដៅធ្វើយ៉ាងណាឲ្យនីតិវិធី នៃការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ របស់មន្ត្រីពន្ធដារគ្រប់រូប ឲ្យកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ក្នុងន័យលើកកម្ពស់កិត្យានុភាព សេចក្ដីថ្លៃថ្នូរ និងជំនឿទុកចិត្តមកលើ អគ្គនាយកដ្ឋានពន្ធដារទាំងមូល ពីសំណាក់អ្នកជាប់ពន្ធ និងសាធារណជនគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ក៏បានបង្ហាញលទ្ធផលការងារ ដែលនាយកដ្ឋានបានសម្រេច ក្នុងរយៈពេលកន្លងផងដែរ។ បន្ទាប់មកទៀត វាគ្មិនកិត្តិយសជាតំណាងមកពីក្រសួងស្ថាប័ន្ធពាក់ព័ន្ធបានធ្វើបទបង្ហាញ ដូចខាងក្រោម៖

* លោក ផាន់ ពិជ័យវិបុល ប្រធាននាយកដ្ឋាននីតិកម្ម និងបណ្តុះបណ្តាល នៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ កម្ពុជាបានធ្វើបទបង្ហាញស្តីពីច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ដោយបានបកស្រាយអំពីបទប្បញ្ញត្តិទូទៅ បុគ្គលរាយការណ៍ វិធានការត្រូវប្រកាន់យកដោយបុគ្គលរាយការណ៍ ស្ថាប័នប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទប្បញ្ញត្តិផ្សេងៗ ការបង្កក ការឃាត់ទុក ការរឹបអូស ទោសប្បញ្ញត្តិ និងអន្តរប្បញ្ញត្តិ។

លោក ស្រ៊ិន សុវណ្ណ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើបទបង្ហាញស្តីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងកិច្ចសហការរបស់ក្រុមការងារអន្តរស្ថាប័នសម្រាប់ប្រឆាំងការសម្អាតប្រាក់ ដោយបានពន្យល់អំពីនិយមន័យនៃការសម្អាតប្រាក់ ទ្រព្យសម្បត្តិ សំអាងនៃបទល្មើស និងបច្ចេកទេសស៊ើបអង្កេត។ សម្រាប់កិច្ចសហការរបស់ក្រុមការងារអន្តរស្ថាប័ន កិច្ចការងារជាច្រើនត្រូវបានធ្វើ ដូចជាការពិភាក្សាលើករណីនៃការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ការផ្លាស់ប្តូរនិងចែករំលែកព័ត៌មាន ការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពស៊ើបអង្កេតបទល្មើស សម្អាតប្រាក់ និងការរឹបអូសផលនៃបទល្មើស ការចែករំលែកនិងការពិភាក្សាពីការអនុវត្តល្អៗ បញ្ហាប្រឈម និងការងារបន្តក្នុងក្រុមការងារអន្តរស្ថាប័ន។

លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការផ្ទាល់ បានធ្វើបទបង្ហាញស្តីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ការចាប់ខ្លួន ការសួរចម្លើយ និងការបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូង ដោយបានពន្យល់អំពីការផ្តើមការស៊ើបអង្កេត បច្ចេកទេសស៊ើបអង្កេត ការចាប់ខ្លួននិងសួរចម្លើយ និងការបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូង។

លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្តីពីការចោទប្រកាន់ បង្កក និងរឹបអូសទ្រព្យ ដោយបានពន្យល់ពីក្របខ័ណ្ឌច្បាប់ ការចោទប្រកាន់ ការបើកធ្វើការស៊ើបសួរ ការបញ្ជូនទៅជំនុំ ជម្រះផ្ទាល់ នីតិវិធីបង្គាប់ឲ្យចូលខ្លួនភ្លាម ការបង្កក ការស្នើសុំបង្កកទ្រព្យសម្បត្តិ សេចក្តីសម្រេចបង្កកទ្រព្យសម្បត្តិនិងការអនុវត្ត ការរឹបអូសនិងខ្លឹមសារនៃការរឹបអូស ការប្តឹងទៅតុលាការ និងការសម្រេចសេចក្តីនិងការជូនដំណឹង។

បណ្ឌិត ម៉ិញ បានកុសល បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់វាគ្មិនកិត្តិយសជាតំណាងមកពីអង្គភាពប្រឆាំងអំពើពុករលួយ អគ្គស្នងការដ្ឋាន នគរបាលជាតិ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលបានចូលរួម ធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធ នឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕