(សៀមរាប)៖ ផ្អាវជាប្រភេទរុក្ខជាតិដុះក្នុងព្រៃ ហើយរុក្ខជាតិនេះ គេតែងយកមកត្បាញធ្វើកន្ទេល មួក កន្ត្រក ឬក៏ដាំលម្អរគេហដ្ឋាន និងសណ្ឋាគារជាដើម។ ស្លឹកផ្អាវ ក៏ត្រូវបានប្រជាជននៅតាមបណ្តាខេត្តមួយចំនួន យកមកវេចអន្សមផងដែរ។ ស្របពេលដែលបច្ចុប្បន្ន សម្ភារជាច្រើនមានការច្នៃប្រឌិតខ្ពស់ ប្រើពេលវេលាកាន់តែលឿន ធ្វើឱ្យរបរមួយចំនួនដែលធ្លាប់ត្បាញដោយដៃ កាន់តែបាត់បង់បន្ដិចម្ដងៗ។
អ្នកស្រី លឺម ទុំ រស់នៅក្មុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប បានឱ្យដឹងថា អ្នកស្រីចេះត្បាញកន្ទេលផ្អាវតាំងពីតូចៗ នៅអាយុប្រហែល១២ និង១៣ឆ្នាំមកម្លេះ គឺរៀនតាមម្ដាយ។ អ្នកស្រី លឺម ទុំ បានបន្តថា ពលរដ្ឋនៅក្នុងភូមិនេះ គឺគេប្រកបជារបរត្បាញកន្ទេលផ្អាវសឹងតែគ្រប់ផ្ទះ ហើយភាគច្រើនជាចាស់ៗដែលចេះត្បាញ។ ដោយឡែក បើតាមការសង្កេតរបស់អ្នកស្រី ក្មេងៗបច្ចុប្បន្ននេះ គេមិនចូលចិត្តការត្បាញ ដោយមិនមានការអត់ធ្មត់ ហើយគេគិតថា មានភាស្មុកស្មាញច្រើន។
ចំពោះរបៀបត្បាញកន្ទេលផ្អាវនេះ មុនដំបូងត្រូវកាប់ដើមផ្អាវ ហើយបន្ទាប់មកលួសបន្លាវាឱ្យបានស្អាត ពុះជ្រៀកតាមជ្រុងនីមួយៗ រួមយកទៅហាលថ្ងៃឱ្យស្ងួតរួច បម្ទាប់មកយើងចុះរន្ធនៅនឹងកំប៉ុង តាមទំហំដែលចង់បាន ដើម្បីឱ្យនៅពេលហូតផ្អាវនៅតាមរន្ធដែលបានចុះនឹងកំប៉ុងមកឲ្យបានប៉ុនៗគ្នា ហើយយកទៅជ្រលក់ពណ៍រួចត្បាញកន្ទេល ឬក៏របស់របរផ្សែងៗទៀត តាមអតិថិជនកម្មង់។
អ្នកស្រី លឺម ទុំ បានបន្តទៀតថា អ្នកស្រីមិនបោះបង់ការត្បាញកន្ទេលផ្អាវនោះឡើង ទោះបីមិនសូវមានការគាំទ្រពីអតិថិជន ក៏ត្បាញទុកសម្រាប់ប្រើប្រាស់ដែរ។ ព្រោះរបរត្បាញកន្ទេលផ្អាវនេះ ពីមុនបានជួយសម្រាលដល់ជីវភាព នៅក្នុងគ្រួសារបានមួយចំណែកផងដែរ គឹតាំងពីកូននៅតូនៗ រហូតដល់ធំអស់ គឺបានរបរនេះហើយដែលបានជួយដល់ការសិក្សារៀនសូត្រកូន និងធ្វើបុណ្បផងដែរ។
ទន្ទឹមនឹងនេះ អ្នកស្រី ប៉ែន សុវណ្ណ ស្មៀនឃុំស្វាយចេក បានលើកឡើងថា ទោះបីមិនសូវមានការគាំទ្រពីអតិថិជន តែអ្នកស្រីបារម្ភខ្លាំងជាងគេនោះ គឺការបាត់បង់វត្ថុធាតុដើម ដូចជាដើមផ្អាវ ដោយបច្ចុប្បន្ននេះ មិនសូវមានដើមផ្អាវនោះទេ នៅក្នុងស្រុកអង្គរធំ ក៏ដូចជានៅតាមបណ្តាស្រុកដ៏ទៃទៀត គឺមានតែនៅខាងខេត្តកំពង់ធំប៉ុណ្ណោះ ដែលសំបូរដើមផ្អាវច្រើន កត្តានេះហើយ បានជម្រុញឱ្យប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់ត្បាញកន្ទេលផ្អាវងៀកទៅប្រកបរបរផ្សេងវិញ។
អ្នកស្រី ប៉ែន សុវណ្ណ បានបន្តថា ក្រុមការងារកិច្ចការនារីខេត្ត ស្រុក ក៏ដូចជាឃុំ បានចងក្រងជាសហគមន៍ត្បាញកន្ទេលផ្អាវបានជាច្រើនក្រុមផងដែរ ដើម្បីរក្សាអត្ដសញ្ញាណពលរដ្ឋស្រុកអង្គរធំកុំឱ្យបាត់។ អ្នកស្រីក៏ចង់ឧ្យចាស់ៗដែលចេះត្បាញ ជួយបង្រៀនក្មេងៗជំនាន់ក្រោយឲ្យចេះត្បាលកន្ទេលផ្អាវនេះបន្តទៀតផងដែរ។
ជាមួយនេះដែរ ប្រជាពលរដ្ឋដែលប្រកបរបរត្បាញកន្ទេលផ្អាវ អំពាវនាវដល់ភ្ញៀវទេសចរណ៍ និងអន្តរជាតិ ជួលទិញផលិតផលរបស់គាត់ ដើម្បីឱ្យគាត់មានចំណូលសម្រប់ផ្គត់ផ្គង់នៅក្នុងគ្រួសារ និងជៀងវាងការចំណាកស្រុកខុសច្បាប់ផងដែរ៕