(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានសហការគ្នារៀបចំធ្វើ «ពិធីបួងសួងសុំសុខសន្តិភាពជូនដល់ពិភពលោក វេទិកាព្រះពុទ្ធសាសនាសមុទ្រខាងត្បូងនាទីក្រុងភ្នំពេញ» នៅវត្តមហានន្ទិយនេរញ្ចរារាមនិវេទ (ហៅវត្តព្រែកប្រាំង) ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។
ព្រះតេជគុណ Yin Shun អនុប្រធានសមាគមពុទ្ធសាសនាចិន ប្រធានសមាគមពុទ្ធសាសនាខេត្ត Hai Nan ប្រធានសមាគមពុទ្ធសាសនាទីក្រុង Shen Zhen និងជាព្រះចៅអធិការវត្ត Hong Fa Shen Zhen បានមានសង្ឃដីកាថា កម្មវិធីថ្ងៃនេះធ្វើឡើងក្រោមប្រធានបទ «សុំសុខសន្តិភាពជូនពិភពលោក» តាមរយៈវេទិកាកិច្ចប្រជុំតុមូលនៃពុទ្ធសាសនាសមុទ្រខាងត្បូងនារាជធានីភ្នំពេញ។
ព្រះតេជគុណ Yin Shun បានលើកឡើងថា «នេះគឺជាវេទិកាលើកទី១របស់យើង ក៏ជាកម្មវិធីលើកទី១នៃវេទិកាតុមូលផងដែរ។ យើងធ្វើការបួងសួងសុំសុខសន្តិភាពជូនពិភពលោក និងសូមឲ្យទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនយូរអង្វែងតរៀងទៅ»។
ព្រះតេជគុណ បានមានសង្ឃដីកាបន្ថែមថា កម្ពុជានិងចិនមានទំនាក់ទំនងល្អនឹងគ្នា ជាយូរលង់ណាស់មកហើយ រួមទាំងវិស័យពុទ្ធសាសនាផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពុទ្ធសាសនិកកម្ពុជារក្សាបាន នូវសន្តិភាពរវាងគ្នានឹងគ្នា រួមសុខរួមទុក្ខទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដែលកត្តាទាំងនេះបានជួយលើកទឹកចិត្ត ដល់វេទិកាកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រខាងត្បូងនាទីក្រុង Shen Zhen។
ពិធីបួងសួងនិងវេទិកាព្រះពុទ្ធសាសនាលើកនេះ បានធ្វើឡើងនៅក្រៅប្រទេសជាលើកដំបូង នៅប្រទេសកម្ពុជាដោយជ្រើសរើសយកកម្ពុជា គឺជាប្រវត្តិសាស្ត្រជ្រើសរើសមិត្តភាព និងការជ្រើសរើសមិត្តភក្តិផងដែរ។
បើតាមសម្ដេចព្រះ ឧត្តមបញ្ញា ដួង ផង់ អគ្គាធិការរងនៃអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា បានមានព្រះសង្ឃដីកាថា «ព្រះពុទ្ធសាសនាជាសាសនាមួយ ប្រកបដោយអម្រឹត្យជាតិ ដ៏ពិសេស។ ព្រះពុទ្ធសាសនាជាព្រះរាជឱសថមួយដ៏ពិសេស ព្រះពុទ្ធសាសនាជាសន្តិភាពមួយ សម្រាប់លោកទាំងមូលនិងសម្រាប់គោរពប្រតិបត្តិ ក្នុងការចាប់យកនូវសេចក្ដីសុខចម្រើនគ្រប់ៗប្រទេសផងដែរ»។
ជាមួយគ្នានោះ សម្ដេចព្រះឧត្តមបញ្ញា ដួង ផង់ មានព្រះសង្ឃដីកា សង្កត់ធ្ងន់ថា ការនាំយកអំណោយ «ព្រះសរីរក្សរូបធាតុ» របស់ភាគីចិនមកតម្កល់ក្នុងវត្តព្រែកប្រាំង គឺបានបង្ហាញឲ្យឃើញថា ព្រះពុទ្ធសាសនាកម្ពុជា-ចិន បាននាំមកនូវឱសថនិងនាំមកនូវអម្រឹត្យជាតិយ៉ាងត្រជាក់ ដ៏ឧង្តុងឧត្តមបន្ថែមទៀត សម្រាប់ព្យាបាលលោកទាំងមូលក្នុងពិភពលោក ឲ្យមានសុខសន្តិភាពតរៀងទៅ៕