(កណ្ដាល)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោកស្រីសាស្រ្តាចារ្យឱសថបណ្ឌិត ទេព រង្ស៊ី ខៀវកាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ក្មួយៗ ចៅៗពិការសតិបញ្ញា និងអូទីស្សឹម នៅអង្គការជំនួយនៃក្តីសង្ឍឹមសម្រាប់សហគមន៍ ដើម្បីអបអរសាទរទិវាជនពិការជាតិលើកទី២៤ ទិវាជនពិការអន្តរជាតិលើកទី៤០ នៅថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ «ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើល និងភ្នែកនោះទេ»

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានអង្គការ HHC បានឲ្យដឹងថា សាលាកុមារអូទីស្សឹមនៃអង្គការ HHC បានបង្កើតឡើងក្នុងរយៈពេល១០ឆ្នាំ ហើយបានប្រមូលកុមារពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ឱ្យបានចូលរៀនស្របតាមច្បាប់អប់រំជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំសាលាកុមារអូទីស្សឹមបាន៥ទីតាំង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភកាកបាទក្រហមកម្ពុជា ព្រមទាំងស្ថានទូតប៉ូឡូញ ប្រចាំទីក្រុងបាងកក ស្ថានទូតសាំងហ្គាពួរជាដើម។

លោកបន្តថា ដោយមានការគាំទ្រពីអាណាព្យាបាល និងសប្បុរសជននានា និងសិស្សពិការភាពសតិបញ្ញា និងអូទីស្សឹម មានការកើនឡើង, ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ បានប្រែក្លាយ សាលាអង្គការជំនួយ នៃក្ដីសង្ឃឹមសម្រាប់សហគមន៍ HHC ឱ្យទៅជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដែលអនុញ្ញាតឲ្យវិទ្យាល័យមួយនេះ មានវិសាលភាពចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។

លោកបន្តថា ជាមួយនឹងការចាប់ផ្តើម ក្រោមការឧបត្តម្ភដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំសាលាអប់រំពិសេស ក្នុងខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនិងកង្វល់របស់ប្រជាពលរដ្ឋ ដែលមានកូនពិការភាពសតិបញ្ញា និងអូទីស្សឹម ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ ដែលសាលានេះផ្តោតលើការសិក្សា អប់រំពិសេស ដល់សិស្សពិការភាពពេញ១ថ្ងៃ បានចំនួន២១៥នាក់ និងបានផ្តល់អាហារ៣ពេលក្នុង១ថ្ងៃ ការថែទាំស្នាក់នៅពេលថ្ងៃដោយយកចិត្តទុកដាក់បំផុត និងសម្ភារសិក្សាជាដើម។

ទន្ទឹមនឹងនេះដែរ លោកស្រីសាស្រ្តាចារ្យឱសថបណ្ឌិត ទេព រង្ស៊ី ខៀវកាញារីទ្ធ បានផ្តាំផ្ញើការសួរសុខទុក្ខ និងនាំអំណោយពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែនឹករលឹក និងយកចិត្តទុកដាក់ដល់ក្មួយៗ ចៅៗដែលមានបញ្ហាសតិបញ្ញា និងអូទីស្សឹម មិនដែលភ្លេចនោះឡើយ។

លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់ ក្នុងការមើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ព្រោះថាកុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ហើយការបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ គឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្ត ស្រលាញ់ចេញពីបេះដូង។

លោកស្រី ទេព រង្ស៊ី ខៀវកាញារីទ្ធ បាននាំយកនូវសម្ភារ និងថវិកាមួយចំនួន ដែលបានឧបត្ថម្ភពីសប្បុរសជននានា ជូនដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដោយក្នុងនោះរួមមាន៖ សំភារៈប្រើប្រាស់មួយចំនួន នំសំរាប់ក្មេងៗ និងថវិកា២ម៉ឺនប្រាំមួយរយដុល្លារផងដែរ៕