(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានជំរុញឲ្យសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវបន្តរួមគ្នារក្សាសុខសន្តិភាព និងសុខសុវត្ថិភាព ជាពិសេសអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវិទ្យាល័យបវេល, វិទ្យាល័យល្វា, និងសាលាបឋមសិក្សាស្វាយព្រៃ ដែលស្ថិតក្នុងភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវបន្តរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំកំពូល គឺមាននយោបាយស្ថិតភាពគង់វង់យូអង្វែង ធ្វើឲ្យការកសាងជីវភាព គ្រួសារ ប្រជាពលរដ្ឋ និងកសាង អភិវឌ្ឍន៍ ស្រុក ឃុំ ភូមិ នៃប្រទេសជាតិ ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
បន្ថែមពីនោះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានប្រាប់ឲ្យត្រូវសហការ ជាមួយក្រុមគ្រួសារប្រជាពលរដ្ឋ ក្នុងការចូលរួមត្រួតពិនិត្យ កូនចៅរបស់ពួកគាត់ ដើម្បីទប់ស្កាត់ពីបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ និងជួញដូរគ្រឿង ដែលធ្វើឲ្យទោសទណ្ឌកើតមានច្រើន នៅក្នុងមូលដ្ឋានផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «បើមិនដូច្នេះទេ ថ្ងៃក្រោយយើងនឹងអាចបង្កើតកន្លែងឃុំខ្លួន នៅមូលដ្ឋាន ដើម្បីដាក់ទោសសហគមន៍តែម្តង ព្រោះនៅទីកន្លែងឃុំខ្លួន ខាងលើ និងគ្មានកន្លែងដាក់ទៀតទេ»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្រសួងមហាផ្ទៃ ប្រកាសបញ្ឈប់ការផ្ទេរក្របខណ្ឌពីស៊ីវិល មកជានគរបាល ដោយមិនដែលបានចូលសាលារៀន ជំនាញនគរបាលម្តងសោះ អ្នកដែលផ្ទេរមកធ្វើជានគរបាលកន្លងមក ក៏ត្រូវជំរុញទៅរៀនជាមុនសិនទើបអនុញ្ញាតឲ្យពាក់សណ្ឋានបាន។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ហាមដាច់ខាត គ្រប់ស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជន ដែលជ្រើសរើស មន្រី្ដរាជការ បុគ្គលិក ឯកជនចូលបំរើការងារស្ថាប័នខ្លួន ដោយមិនបានពិនិត្យសារធាតុញៀន មិនត្រូវទទួលដាច់ខាត អ្នកទទួលខុសត្រូវ ឬ ម្ចាស់ក្រុមហ៊ុនឯកជននោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សម្ដេចក្រឡាហោម បានថ្លែងថា អ្នកដែលមានសារធាតុញៀនទាំងនោះភាគច្រើន មិនគោរពច្បាប់ចរាចរឡើយ បានបង្កធ្វើឲ្យមានការគ្រោះថ្នាក់ចរាចរជាញឹកញាប់ គេមិនទទួលខុសត្រូវ គ្រោះថ្នាក់ដល់អ្នកដែលមិនដឹងខ្លួន ចឹងយើងក៏ត្រូវគោរពច្បាប់ចរាចរទាំងអស់គ្នា ទើបកាត់បន្ថយ ការគ្រោះថ្នាក់ចរាចរណ៍បាន។
ទន្ទឹមគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានរំលឹក និងផ្តាំផ្ញើទៅ អាជ្ញាធរ ស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ មេភូមិ ត្រូវបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងលុបបំបាត់ល្បែងស៊ីសងប្រភេទ មិនឲ្យមានបន្តទៀតនៅក្នុងមូលដ្ឋាន របស់ខ្លួនជាដាច់ខាត បើមានសមត្ថកិច្ចពាក់ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ។
នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសរើស សភាតំណាងរាស្រ្តនីតិកាលទី៧ ដោយផ្អែកទៅតាមច្បាប់បោះឆ្នោត សម្តេចក្រឡាហោម ស ខេង ក៏បានរំលឹកដល់ពលរដ្ឋទាំងអស់ ដែលមានអត្តសញ្ញាណប័ណ្ណជិត និងហួសសុពលភាព ឆាប់រួសរាន់ទៅ ឃុំសង្កាត់របស់ខ្លួនធ្វើថ្មីឡើងវិញ ទុកសម្រាប់ប្រើប្រាស់ ពិសេសប្រើពេលបោះឆ្នោត៕