(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានចាត់ទុកការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ក៏ដូចជាការស្វែងរកអាហារូបករណ៍ គឺជាការបង្កលក្ខណៈងាយស្រួលដល់យុវជនដែលទៅបន្តការសិក្សានៅក្រៅប្រទេស។

រដ្ឋមន្ត្រីក្រសួងការងារលើកឡើងបែបនេះ នាឱកាសសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន១៦រូប នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក អ៉ិត សំហេង លើកឡើងថា គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្សបានបង្កើនការវិនិយោគលើវិស័យធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញ ធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដែលអាចបម្រើការងារបានគ្រប់វិស័យ។

លោកថា បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើនគ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់ ដែលបាននិងកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។

លោកបានកោតសរសើរនូវសមត្ថភាពរបស់មន្ត្រីវ័យក្មេង ដែលបានប្រលងជាប់អាហារូបករណ៍ទាំងនេះ ចាត់ទុកជាសក្តានុពលដ៏ធំក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានចែករំលែកបទពិសោធន៍នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យបានយល់ដឹងអំពីវិស័យនេះ ដោយមានកម្មវិធីអាទិភាពចំនួន៥ ដែលកំពុងអនុវត្ត រួមមាន ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរនិងការងារនៅក្នុង និងក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ ដែលបានចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជាមានការរីកចម្រើន ដោះស្រាយបញ្ហាការងារ កម្មករនិយោជិតមានប្រាក់ចំណូលកាន់តែប្រសើរ ការគាំពារសង្គម រហូតដល់ពេលនេះ មានដល់ប្រាក់សោធននិវត្តន៍សម្រាប់បងប្អូនកម្មករនិយោជិត ដែលពុំធ្លាប់មានពីមុនមកសោះក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

តំណាងឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ លោក ពុត សុភ័គ បានឱ្យដឹងថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសនូវែលសេឡង់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស នឹងចូលរួមចំណែកក្នុងការជំរុញនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យពិភពលោកមានសុខសុវត្ថិភាព សមភាព និងវិបុលភាព។ កម្មវិធីអាហារូបករណ៍នេះ ក៏ចូលរួមចំណែកពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់ តាមរយៈការរៀនសូត្រពីគ្នា និងការចែករំលែកចំណេះដឹង និងវប្បធម៌ទៅវិញទៅមក។

តំណាងក្រុមនិស្សិតរូបនេះឱ្យដឹងបន្ថែមថា បន្ទាប់ពីមានការថមថយនូវការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ បានសម្រេចអនុញ្ញាតឱ្យនិស្សិតជ័យលាភីទាំង១៦រូប ចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១-២ឆ្នាំ នៅដើមឆ្នាំ២០២៣ ដោយផ្តោតលើជំនាញអាទិភាពចំនួន៩ រូមមាន អាជីវកម្មប្រកបដោយចីរភាព, វិជ្ជាជីវៈគណនេយ្យ, វិទ្យាសាស្រ្តកសិកម្ម, គោលនយោបាយសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, សុខភាពសាធារណៈ, សិក្សាច្បាប់, គ្រប់គ្រងសំណង់ និងបង្រៀនភាសាអង់គ្លេស៕