(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំបទបង្ហាញ ស្តីពីសមិទ្ធផលការងារ៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
ពិធីនេះមានការអញ្ជើញជាអធិបតីដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងកម្មវិធីនេះ មានបទបង្ហាញដូចជា៖
* ដំណើរប្រព្រឹត្តទៅ និងសមិទ្ធផល៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិ (១៖ វេយ្យាករណ៍ភាសាខ្មែរ, ២៖ភាសា វប្បធម៌និង សង្គម ខ្មែរ និង ៣៖កម្រងទិន្នន័យភាសា)
* ដំណើរប្រព្រឹត្តទៅ និងសមិទ្ធផល៥ឆ្នាំ របស់នាយកដ្ឋានខេមរនីយកម្ម វចនានុក្រម និងបកប្រែ
* ដំណើរប្រព្រឹត្តទៅ និងសមិទ្ធផល៥ឆ្នាំ របស់នាយកដ្ឋានភាសា និងភាសាវិទ្យា និងកម្រងអត្ថបទស្រាវជ្រាវភាសា វប្បធម៌ និងអក្សរសាស្ត្រខ្មែរ
* ដំណើរប្រព្រឹត្តទៅ និងសមិទ្ធផល៥ឆ្នាំ របស់នាយកដ្ឋានអក្សរសាស្ត្រនិងអក្សសិល្ប៍ និង ភាសា និងអក្សរសិល្ប៍ជនជាតិព័រ
* ដំណើរប្រព្រឹត្តទៅ និងសមិទ្ធផល៥ឆ្នាំ របស់នាយកដា្ឋនសិលាចារឹកវិទ្យា
* សម្រង់ឈ្មោះភូមិ ឃុំ/ សង្កាត់/ ស្រុក/ខណ្ឌ និងរាជធានី/ខេត្ត នៅក្នុងប្រទេសកម្ពុជា
* មេរៀនក្នុងភាសាវិទ្យាទូទៅ, ហ្វែរ ឌីណង់ ដឺ សូសៀរ, ឈ្នាប់នៃភាសាខ្មែរទំនើប, សុភាសិតក្នុងសង្គមខ្មែរ និងសំយោគសញ្ញានៃមេពាក្យក្នុង វចនានុក្រមខ្មែរ
* ពាក្យនិងសំនួនក្នុងសិលាចារឹកនគរវត្ត
* វចនានុក្រមភាសាខ្មែរបុរាណសម័យអង្គរតាមរយៈសិលាចារឹកសតវត្សរ៍ទី៩-១៤។
លោកបណ្ឌិត មាឃ បូរ៉ា បានឲ្យដឹងថា វិទ្យាស្ថានភាសាជាតិ បានខិតខំប្រឹងប្រែងអនុវត្តក្នុងរយៈពេល៥ឆ្នាំនេះ ការងាររដ្ឋបាល ការសិក្សាស្រាវជ្រាវ ចងក្រងស្នាដៃនានា នៅតាមនាយកដ្ឋាននីមួយៗ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ បេសកកម្ម និង ភារកិច្ចរបស់វិទ្យាស្ថាន ដែលក្នុងនោះមាន៖ វចនានុក្រមអក្ខរាវិរុទ្ធភាសាខ្មែរ វចនានុក្រមអក្ខរាវិរុទ្ធភាសាខ្មែរ ជាអេឡិចត្រូនិក វចនានុក្រមភាសាខ្មែរបុរាណតាមរយៈសិលាចារឹកសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៤ សទ្ទានុក្រម វេយ្យាករណ៍ និង ស្នាដៃស្រាវជ្រាវនានា សរុប២៤ចំណងជើង។
លោកបណ្ឌិត បានទៀតថា ទិសដៅបន្តរបស់វិទ្យាស្ថាន ប្រសិនបើមានថវិកាគ្រប់គ្រាន់ក្នុងការសិក្សាស្រាវជ្រាវវិទ្យាស្ថាន នឹងរៀបចំ៖ វេយ្យាករណ៍ពិស្តារនៃភាសាខ្មែរ បកប្រែសិលាចារឹកសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី១៩ (តាមដំណាក់កាល), បញ្ចូលរូបភាពសិលាចារឹកជាអេឡិចត្រូនិក, បកប្រែសៀវភៅភាសាវិទ្យានិងអក្សរសិល្ប៍, ចងក្រងវចនានុក្រមអក្ខរាវិរុទ្ធពីរភាសា, សិក្សាភាសានិងអក្សរសិល្ប៍ជនជាតិដើមភាគតិចទូទាំងប្រទេស វចនានុក្រមសព្វវចនាធិប្បាយភាសាខ្មែរ ជាដើម។
បណ្ឌិតសភាចារ្យ សុខ ទូច ក៏សូមជូនពរ មានសសុខភាពល្អ មានស្នាមញញឹម ហើយនឹងសម្រេច និងការងារ៕