(សៀមរាប)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងថា ១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២២ គឺជាខួប ៣០ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ទៅក្នុងបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាង ថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិ តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ ជាពិសេសបានបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើង នូវពាក្យស្លោក អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា «ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍប្រទេសយើង ការពារឱ្យបានដាច់ខាតនូវនាវាសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឱ្យជាតិរបស់យើងនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។ បេតិកភណ្ឌអង្គរ នឹងមិនត្រូវបានបំភ្លេចឡើយ ចំណែកឯការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា»

ពិធីរំលឹកគុណអង្គរ ត្រូវបានប្រារព្ធឡើងមានរយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវធីកម្សាន្តជាច្រើនទៀត។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកថវិការបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៤០លានរៀល ឧបត្ថម្ភដល់កម្មវិធី​។

នៅចុងបញ្ចប់នៃកម្មវិធី​ ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន​ ១៣០អង្គ​ ជាកិច្ចបង្ហើយបុណ្យផងដែរ៕