(ភ្នំពេញ)៖ គ្រាដែលសិស្សានុសិស្ស កំពុងរង់ចាំលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះ លោកបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្ដរជាតិ បានលើកឡើងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បើកចំហរទីផ្សារការងារសេរីដល់ប្រជាពលរដ្ឋ ដែលជាការបង្កឱកាសបានច្រើនដល់និស្សិតក្រោយបញ្ចប់ការសិក្សា ជាពិសេសសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទោះជាប់ក្ដី ឬធ្លាក់ក្ដី។

ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត សាបូ អូហ្សាណូ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីតម្រង់ទិស ស្តីពីគន្លឹះក្នុងការជ្រើសរើសមុខជំនាញ សម្រាប់សិក្សានៅថ្នាក់ឧត្តមសិក្សា និងទីផ្សារការងារ សម្រាប់អ្នកសិក្សា ជំនាញនីមួយៗ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យអន្ដរជាតិ (IU)។ ក្នុងនោះក៏មានការចូលរួមពី សិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទី១២ជាច្រើនរូបផងដែរ។

លោកបណ្ឌិតសាកលវិទ្យាធិការ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមើលឃើញថា នៅកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទីផ្សារការងារត្រូវបានបើកចំហរ ដូច្នេះសម្រាប់ប្អូនៗជានិស្សិត សិស្សដែលទើបប្រឡងបាក់ឌុប គឺជាឱកាសទាំងអ្នកជាប់ ទាំងអ្នកធ្លាក់ ដើម្បីបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា»

លោកបានបញ្ជាក់អំពីមុខជំនាញមួយចំនួន ដែលកំពុងតែមានតម្រូវការខ្លាំង និងជាឱកាសសម្រាប់សិស្សានុសិស្សជ្រើសរើសសិក្សា ក្រោយប្រឡងបាក់ឌុបនោះ គឺជំនាញក្នុងវិស័យសុខាភិបាល ព្រោះរាជរដ្ឋាភិបាលបានកំណត់ ច្បាស់ថា វិស័យសុខាភិបាល ជាវិស័យមួយដែលមានអាទិភាព។ ជាក់ស្ដែង ក្នុងបរិបទជំងឺកូវីដ១៩ វិស័យសុខាភិបាល ត្រូវបានកំណត់ជាវិស័យអាទិភាព ដូច្នេះជំនាញក្នុងវិស័យសុខាភិបាលទាំងអស់ ជាជំនាញអាទិភាព។

ក្នុងនោះរួមមាន៖ វិជ្ជសាស្ដ្រទូទៅ, ឱសថសាស្ដ្រ, ទន្ដសាស្ដ្រ, ឆ្មប, គិលានុបដ្ឋាក, ព្យាបាលដោយចលនា, វិទ្យុសាស្ដ្រ, មន្ទីរពិសោធន៍វិជ្ជសាស្ដ្រ ដែលទាំងអស់នេះជាមុខវិជ្ជាដែលបង្រៀននៅសាកលវិទ្យាល័យអន្ដរជាតិ ក្នុងវិស័យសុខាភិបាល ហើយជាមុខវិជ្ជាកំពុងមានតម្រូវការ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើតាមអ្វីដែលលោក សាបូ អូហ្សាណូ បានគូសបញ្ជាក់។

ក្រៅពីមុខវិជ្ជាបម្រើឲ្យវិស័យសុខាភិបាល លោកក៏បានបង្ហាញអំពីមុខវិជ្ជាដែលមានតម្រូវការបន្ថែមទៀត គឺ STEM (វិទ្យាសាស្រ្តបច្ចេកវិទ្យាវិស្វកម្មគណិតវិទ្យា) ក៏ជាវិស័យដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង ដោយក្នុងយុទ្ធសាស្ដ្រចតុកោណបានគូសបញ្ជាក់ថា កម្ពុជាខិតខំលើកកម្ពស់វិស័យ STEM ក្នុងនោះរួមមាន ជំនាញសំណង់ស៉ីវិល, ស្ថាបត្យកម្ម, ព័ត៌មានវិទ្យា, សុរិយោលដី, បរិស្ថាន, គីមីចំណីអាហារ, មីក្រូជីវសាស្ដ្រ, ជីវៈបច្ចេកវិទ្យាជាដើម។ បន្ថែមពីនេះ ក៏មានវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងនោះមានជំនាញ វិជ្ជសាស្ដ្រសត្វ, អភិវឌ្ឍន៍ជនបទ (សំដៅលើការអភិវឌ្ឍមូលដ្ឋាន)។

លោកបណ្ឌិត សាបូ អូហ្សាណូ ក៏បានក្រើនរំលឹកដល់សិស្ស និស្សិតដែរថា ជាមួយនឹងសិក្សាជំនាញដែលមានតម្រូវការទីផ្សារហើយនោះ សិស្ស និស្សិត ក៏ត្រូវជ្រើសរើសឲ្យនូវគ្រឹះស្ថានសិក្សាណាដែលមានគុណភាព មានការទទួលស្គាល់ និងមានបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលយូរឆ្នាំផងដែរ ដើម្បីធានាថា ក្រោយបញ្ចប់ការសិក្សាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅបំពេញការងារដែលខ្លួនស្រលាញ់។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា ទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ដែលក្នុងនោះ មានបេក្ខជនសរុបចំនួន១២៨,១៣៥នាក់ ស្រី៦៨,៧៧១នាក់, មណ្ឌលប្រឡង២២១, និងត្រូវជា ៥១៧៤បន្ទប់។

តាមការគ្រោងទុកលទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh ផងដែរ៕