(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូនពរក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។
សារលិខិតមានខ្លឹមសារថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលការពារ ព្រះបរមរាជវាំងទាំងអស់ ដែលបានផ្ញើសារលិខិតជូនសព្ទសាធុការពរដល់រូបខ្ញុំ ជាមួយនឹងផ្កាស្រស់ល្អ ១កន្ត្រក ក្នុងឱកាសទិវាចម្រើនជន្មាយុនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។
សារលិខិតជូនពរដ៏មានអត្ថន័យនេះ បានគូសបញ្ជាក់ពីការរាប់អានដ៏ជ្រាលជ្រៅ របស់ សម្ដេច ចំពោះរូបខ្ញុំផ្ទាល់ និងក្រុមគ្រួសារ ហើយបានលើកទឹកចិត្តយ៉ាងធំធេងដល់រូបខ្ញុំ ក្នុងការប្តេជ្ញាចិត្តខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងបុព្វហេតុមនុស្សធម៌ ក៏ដូចក្នុងតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា និងតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ឲ្យទទួលបានជោគជ័យថ្មីថែមទៀត ជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ ដើម្បីកិច្ចអភិវឌ្ឍ និងវឌ្ឍនភាពសង្គម»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានគូសបញ្ជាក់ថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្ដេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ការពារព្រះបរមរាជវាំងទាំងអស់ សូមទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងសូមបានប្រកបដោយព្រះពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពផ្ញើជូនសម្តេចចៅហ្វាវាំង គង់ សំអុល៖