(ហ្សាការតា)៖ រហូតមកដល់ព្រឹកថ្ងៃចន្ទនេះ ចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយទឹកជំនន់ និងការបាក់ដីនៅ ខេត្តជ្វា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៤៣នាក់ហើយ ខណៈមនុស្ស ១៣នាក់ទៀតបន្តបាត់ខ្លួន នៅឡើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦។
មកដល់ព្រឹកថ្ងៃចន្ទ នេះក្រុមសង្គ្រោះរបស់រដ្ឋាភិបាលបាន បង្កើនចំនួនរហូតដល់ជាង ១០០នាក់ ដើម្បីស្វែងរក មនុស្សដែលបាននិងកំពុងបាត់ខ្លួន ចាប់តាំងពីចុងសប្តាហ៍មុននេះ ក្រោយតំបន់ខាងលើនេះបានទទួលរងនូវ ប្រព័ន្ធសម្ពាធទាប មានខ្យល់បក់បោក និងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានបង្កជាទឹកជំនន់ និងការបាក់ដីនោះ។
គួរបញ្ជាក់តាមសម្តី អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិរបស់ឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho បានថ្លែងកាលពីថ្ងៃអាទិត្យថា បេសកកម្មរបស់កងកម្លាំងសង្គ្រោះនៅពេលនេះ បានប្រើប្រាស់ម៉ាស៊ីន ជីកកកាយ និងយន្តហោះបញ្ជាតេឡេ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ស្របពេលដែល ប្រជាជនក្នុងស្រុក ទីក្រុង និងខេត្តសរុប១៦ ត្រូវបានអាជ្ញាធរប្រាប់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែអាកាសធាតុនៅតែបន្តអាប់អួរ រហូតមកដល់ចុងសប្តាហ៍៕