(ភ្នំពេញ)៖ ការអភិវឌ្ឃរាជធានីភ្នំពេញ មិនមែនធ្វើឡើងដោយការប្រថុយប្រថាននោះទេ ពោលគឺសុទ្ធតែមានផែនការ និងទិសដៅច្បាស់លាស់។ ជាក់ស្តែងសម្រាប់ ប្រព័ន្ធអនាម័យសម្រាប់ រាជធានីភ្នំពេញ ក៏ត្រូវបានរៀបចំជាផែនការ មេច្បាស់លាស់មួយដែរ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាមួយ ស្ដីពីផែនការមេនៃប្រព័ន្ធ សម្រាប់ទាំងអស់គ្នាក្នុងទីក្រុងសម្រាប់ រាជធានីភ្នំពេញ ដែលអង្គសិក្ខាសាលាចុងក្រោយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់អនាម័យ និងសុខុមាលភាពដល់ប្រជាពលរដ្ឋទាំងអស់ នៅឆ្នាំ២០៣៥ ដោយផ្តោតសំខាន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់។ នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាស្តីពី ផែនការមេនៃប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នា ក្នុងទីក្រុងសម្រាប់រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។
លោក នួន ផារ័ត្ន បានលើកឡើងថា អង្គសិក្ខាសាលានេះ ជាអង្គសិក្ខាសាលាចុងបញ្ចប់ សម្រាប់ការរៀបចំផែនការ មេនៃប្រព័ន្ធអនាម័យសម្រាប់រាជធានីភ្នំពេញរបស់គម្រោង «ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអនាម័យ ក្នុងរាជធានីភ្នំពេញ» ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តថវិកាសម្រាប់ការអនុវត្តគម្រោង «ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធអនាម័យក្នុងរាជធានីភ្នំពេញ» កាលពីឆ្នាំ២០២០ ក្រុមការងារបច្ចេកទេស (TA) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ផ្តើមអនុវត្តគម្រោង នៅខែមករា ឆ្នាំ២០២១ និងតាមការគ្រោងទុកនឹងបញ្ចប់នៅចុងឆ្នាំ២០២២នេះ។
លោក នួន ផារ័ត្ន បានបន្តថា «ផែនការមេស្តីពីប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នា ក្នុងទីក្រុង មានគោលបំណង ធ្វើឲ្យរាជធានីភ្នំពេញ អាចបំពេញតាមគោលដៅរបស់ខ្លួន ក្នុងការកែលម្អប្រព័ន្ធអនាម័យក្នុងទីក្រុង។ ពោលគឺ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (Cambodia Sustaincible Development Goals, CSDG) ដែលបានកំណត់ថា ប្រព័ន្ធអនាម័យត្រូវតែគ្រប់គ្រងដោយសុវត្ថិភាពឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ដើម្បីទទួលជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធអនាម័យ ទាមទារឱ្យមានការអភិវឌ្ឍផែនការមេរួមបញ្ចូលគ្នាមួយ ហើយដើម្បីទទួលបាននៅផែនការមេដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទាមទារ ឱ្យក្រុមការងារបច្ចេកទេសរៀបចំការវាយតម្លៃស្ថានភាពអនាម័យ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ»។
លោកថា ការវាយតម្លៃបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២១ ហើយការវាយតម្លៃនេះ ត្រូវបានរៀបចំឡើងជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងមានការពិនិត្យឡើងវិញលើឯកសារពាក់ព័ន្ធផ្សេងៗ និងការប្រមូលទិន្នន័យ ដោយមានការជួប សម្ភាសន៍ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅសហគមន៍ក្រីក្រ ក្រុមហ៊ុនឯកជន ដែលផ្តល់សេវាផ្នែកបូមលូ មន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកជំនាញរបស់ JICA, និង សមាគម AIMF ។ ក្រៅពីនេះ ក្រុមការងារក៏បានចុះសង្កេតមើលអ្នកផលិតទឹកកខ្វក់ មានដូចជា សហគ្រាសឧស្សាហកម្ម សាលារៀន មណ្ឌលសុខភាព បណ្តាផ្សារ ខុនដូ ផងដែរ។
លោកបន្តទៀតថា សេចក្តីព្រាងផែនការមេ ស្តីពីប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុង ទីក្រុង គឺកើតចេញពីការចូលរួមផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធជាច្រើន។ សិក្ខាសាលានាពេលនេះ ក៏បានធ្វើបទបង្ហាញដោយសង្ខេប អំពីសេចក្តីព្រាង ចុងក្រោយ នៃផែនការ ដើម្បីចូលរួមជាមតិយោបល់ចុងក្រោយ លើការកែលម្អបន្ថែមទៀត ឬផ្តល់នូវធាតុចូលបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឱ្យផែនការមេនៃប្រព័ន្ធ អនាម័យក្លាយជាឧបករណ៍ដែលអាចប្រើប្រាស់បាន និងមានតម្លៃ។
លោកបន្តទៀតថា «ពាក់ព័ន្ធសំណល់រឹងនៅរាជធានីភ្នំពេញ យើងបានបង្កើតឲ្យមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដែលធ្វើអោយការប្រមូលនិងដឹកជញ្ជូនសំរាមល្អប្រសើរជាងមុន។ សម្រាប់សំណល់រាវវិញ យើងបានកសាងស្ថានីយប្រតិកម្មទឹកកខ្វក់នៅជើងឯកនិងកសាងស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលជាដើម ដែលនេះជាចំណុចចាប់ផ្តើមថ្មីមួយ»។
លោក អាន់ តូនីហ្សៀល Anthony Gill, ប្រធានអង្គភាពរដ្ឋបាលគ្រប់គ្រង លទ្ធផលគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (Head Portfolio Administration Unit, ADB) បានមានប្រសាសន៍លើកឡើងផងដែរថា៖ គម្រោងប្រតិកម្មទឹកកខ្វក់ និងអនាម័យ ជាជំនួយរបស់ប្រទេសជប៉ុនជួយមកកម្ពុជា ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ លោកថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបន្តគាំទ្រ ចំពោះបញ្ហាប្រឈមនានារបស់កម្ពុជា សម្រាប់១០ឆ្នាំបន្តទៀត៕