(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើសារជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួបចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្ដដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗ ជាបន្ដបន្ទាប់បន្ថែមទៀត។
ក្នុងលិខិតជូនពរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្ដេចពញាចក្រី ហេង សំរិន បានសម្ដែងនូវការកោរសរសើរដោយស្មោះចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំប្រឹងប្រែងដ៏សកម្ម និងឈ្លាសវៃដឹកនាំភារកិច្ចដ៏ឧត្ដុង្គឧត្តម ដើម្បីបុព្វហេតុការងារមនុស្សធម៌ និងជាស្ដ្រីដ៏ឆ្នើមមួយរូប ពោពេញទៅដោយគុណធម៌ និងគំរូវីរភាពល្បីល្បាញ ក្នុងការបំពេញភារកិច្ចមនុស្សធម៌ និងការដឹកនាំកាកបាទក្រហមកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់ជាបន្ដបន្ទាប់ បម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈ។
ជាថ្មីម្ដងទៀត តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា និងសម្ដេចផ្ទាល់ សូមប្រសិទ្ធិពរបវរមហាប្រសើរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕