(កំពង់ធំ)៖ ការរាតត្បាតនៃជំងឺកូវីដ១៩ នាឆ្នាំ២០២០ និង២០២១កន្លងមក ព្រមទាំងជំនន់ទឹកភ្លៀងប៉ុន្មានខែមុននេះ ធ្វើឲ្យប្រជាពលរដ្ឋស្រុកតាំងគោកមួយចំនួនបានជួបនឹងការប្រឈមលំបាកក្នុងជីវភាពរស់នៅ ដូច្នេះការពិនិត្យ ព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃ គឺជាការរួមចំណែកជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ។

ជាក់ស្តែងដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជនតាមរយ:លោកអភិបាលស្រុក ហាក់ ម៉ុងហួត រដ្ឋបាលស្រុកតាំងគោកបានសហការជាមួយក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ប្រតិបត្តិបារាយណ៍-សន្ទុកបន្តពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតឃុំពង្រ និងឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ស្របពេលដែលអាជ្ញាធរភូមិ ឃុំ ចុះជាសកម្មក្នុងមូលដ្ឋាន ដើម្បីក្តាប់បានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូននិងរាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ករណីខ្លួនមិនមានលទ្ធភាពដោះស្រាយជូន។

លោកក៏ថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិការផ្ទាល់ ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

លោកក៏បានបន្តទៀតថា សកម្មនេះជាការបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យ ដែលចង់ឲ្យកៀកនឹងប្រជាពលរដ្ឋព្រមទាំងជួយកាត់បន្ថយការលំបាករបស់ពួកគាត់។

លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទៅរកសេវាសុខភាព នៅមណ្ឌលសុខភាពដែលក្បែរផ្ទះ ព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាពមានសម្ភារគ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។ លោកក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល១ព្រឹក គឺចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង១១ព្រឹក ដោយក្រុមគ្រូពេទ្យជំនាញជំងឺទូទៅ។ ដោយការរាយណ៍ពីការពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋបាន៥២៨នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនិងបន្តធ្វើទៀត៕