(បន្ទាយមានជ័យ)៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក លីសុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ, មន្ត្រីពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ពន្ជជាច្រើនរូបទៀត បានចូលរួមបើកកិច្ចប្រជុំ បើកការិយាល័យ ចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១។

កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងសាលប្រជុំ ក្នុងភោជនីយដ្ឋានបឹងឈូក ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ម៉ៅ ថូរ៉ា បានថ្លែងថា កិច្ចប្រជុំថ្ងៃនេះ គឺចង់ផ្សព្វផ្សាយឲ្យក្រុមអាជីវករ ពាណិជ្ជករ សេវាករ ដែលប្រកបរបរពាណិជ្ជកម្ម នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ឲ្យមកចុះឈ្មោះ ដើម្បីឈរឈ្មោះជាសមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម ក្នុងការបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិ៣ លើកទី១ ដែលនឹងប្រព្រឹត្តិ និងដំណើរការនៅពេលខាងមុខ ក្នុងការិយាល័យចុះឈ្មោះ បោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ។

លោក ម៉ៅ ថូរ៉ា បានបញ្ជាក់បន្តទៀតថា លក្ខណៈសម្បត្តិ ដែលអាចឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត​សភាពាណិជ្ជកម្មបាន រួមមាន៖

*ទី១៖ បុគ្គលនោះមានមុខរបរជាអាជីវករ ដែលមានលិខិតអនុញ្ញាត ប្រកបអាជីវកម្ម ឬអាជ្ញាប័ណ្ណឬ វិញ្ញាបនបត្រ
*ទី២៖ មានប័ណ្ណប៉ាតង់
*ទី៣៖ ត្រូវមានអាយុ ២៥ឆ្នាំឡើង សម្រាប់បេក្ខជនឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោត និងសម្រាប់អ្នកមកចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរបស់ខ្លួនដែលខ្លួនពេញចិត្ត គឺត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ។

លោកបញ្ជាក់ថា សម្រាប់អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចាស់ មិនតម្រូវឲ្យមានឯកសារ ឬលក្ខខណ្ឌដូចខាងលើនោះទេ៕