(ភ្នំពេញ)៖ លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងស្ថានទូតជប៉ុន នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
ការលើកឡើងបែបនេះរបស់លោក Mikami Masahiro បានធ្វើឡើងក្នុងឱកាសលោកបានជួបសម្តែងការគួរសម និងជម្រាបលា ជាមួយលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា ក្នុងឱកាសដែលលោកត្រូវបញ្ចប់អាណត្តិការងារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះការទទួលជួប ក៏ដូចជាកិច្ចសហការកន្លងមកក្នុងការងារសិទ្ធិមនុស្ស និងកិច្ចសន្ទនាទ្វេភាគីស្ដីពីសិទ្ធិមនុស្សរវាងកម្ពុជា និងជប៉ុន ព្រមទាំងកិច្ចការផ្សេងៗទៀតដែលជា ប្រយោជន៍ក្នុងលើកកម្ពស់វិស័យសិទ្ធិមនុស្សនៅកម្ពុជា។
ឯកអគ្គរាជទូត សង្ឃឹមថា ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នឹងប្រព្រឹត្តទៅដោយរលូននិងជោគជ័យ តាមលក្ខណៈប្រជាធិបតេយ្យ។
លោក កែវ រ៉េមី បានលើកឡើងផងដែរថា គ.ស.ម.ក កំពុងតែគិតពិចារណាក្នុងការបង្កើតឱ្យមាន កម្មវិធីតាមទូរស័ព្ទ (Apps) ដែលអាចឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សតាមអនឡាញ មកគ.ស.ម.ក. បានផងដែរ។ លោក កែវ រ៉េមី បានជូនពរឯកអគ្គរាជទូត ហើយសង្ឃឹមថាទំនាក់ទំនងនិងកិច្ចសហការរវាងគ.ស.ម.ក. និងស្ថានទូតជប៉ុននឹងនៅតែបន្តរហូត។
ជាមួយគ្នានេះលោក កែវ រ៉េមី ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក របស់ស្ថានទូតជប៉ុន ក្នុងវិស័យសិទ្ធិមនុស្ស។
លោក កែវ រ៉េមី ក៏បានលើកឡើងពីបេសកកម្មរបស់ គ.ស.ម.ក. ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ នៅពេលថ្មីៗនេះ គ.ស.ម.ក. បានដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែទី១ (ម១) មណ្ឌលអប់រំកែប្រែទី២ (ម២) និងពន្ធនាគាររាជធានីភ្នំពេញ ដើម្បីឱ្យមានភាពងាយស្រួលដល់ជនជាប់ឃុំក្នុងការដាក់ពាក្យបណ្ដឹង ហើយគ.ស.ម.ក.នឹងបន្តដាក់ប្រអប់បណ្តឹងនេះតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារផ្សេងៗទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាង គ.ស.ម.ក. និងពន្ធនាគារក្នុងការលើកកម្ពស់ការគោរព និងការការពារសិទ្ធិរបស់អ្នកជាប់ឃុំ៕