(ភ្នំពេញ​)៖​ លោក​ MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុន ប្រចាំនៅកម្ពុជា​ បានថ្លែងបញ្ជាក់ថា​ លោកនឹងនៅតែបន្តចូលរួមគាំទ្រការអភិវឌ្ឍនៅកម្ពុជា បើទោះជាលោកចប់អាណត្តិ មិនបានបន្តការងារនៅកម្ពុជាទៀតក៏ដោយ។

លោក​ MIKAMI Masahiro​ បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នាឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក​ ចូលជួបពិភាក្សាការងារ និងជម្រាបលា​ នៅទីស្តីការក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

បន្ថែមពីនេះលោកឯកអគ្គរាជទូត ក៏បានសម្តែងនូវអំណរគុណដូចគ្នា ចំពោះរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អ ហើយលោកសូមចូលរួមអបអរយ៉ាងក្រៃលែង ចំពោះភាពជោគជ័យដ៏ធំធេង ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកាកន្លងទៅ​ និងមានបីតិសោមន្សក្នុងការមកបំពេញបេសកម្មការទូតនៅកម្ពុជា ហើយបានឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសការខិតខំប្រឹងប្រែងរបស់លោកទេសរដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ និងបានបញ្ជាក់ថា​ ការអភិវឌ្ឍនវិស័យនានាជាច្រើនក្នុងប្រទេសកម្ពុជា មួយផ្នែកគឺទទួលបានជំនួយមកពីប្រទេសជប៉ុន ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានភាពចាស់ទុំ និងរីកចម្រើន ដែលទំនាក់ទំនងនេះដែរ នឹងត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយអាយុកាលគម្រប់ ៧០ឆ្នាំ នៅឆ្នាំ២០២៣ខាងមុខ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងធំ ដែលបាននិងកំពុងអនុវត្ត ក្រោមជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន ក្នុងរយៈពេលថ្មីៗនេះ រួមមាន៖ គម្រោងស្ថាបនា និងលើកកម្ពស់ផ្លូវជាតិលេខ៥ គម្រោងពង្រីកវិសាលភាពកំពង់ផែក្រុងព្រះសីហនុ ការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI គម្រោងសិក្សារៀបចំផែនការមេភស្តុភារកម្ម ការផ្តល់ជំនួយគ្រឿងចក្រផ្សេងៗ សម្រាប់ការជួសជុលថែទាំផ្លូវថ្នល់ ជាពិសេសគ្រឿងចក្រ Stabilizer ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការជួសជុលផ្លូវថ្នល់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីពេលកន្លងទៅ។

លោកក៏បានជម្រាបជូនលោកឯកអគ្គរាជទូត បន្ថែមថា​ រូបលោកតែងតែចងចាំជានិច្ច នូវអនុសាសន៍ណែនាំរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo ABE ដែលបានលើកឡើងថា ធ្វើកិច្ចការអ្វីមួយត្រូវតែធ្វើឡើងប្រកបដោយគុណភាពតាំងពីពេលចាប់ផ្តើម ជាពិសេសចំពោះកិច្ចការដែលទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ​ ដោយលោកតែងតែយកគោលគំនិតនេះ មកអនុវត្តលើរាល់គម្រោងការងារនានា ដែលបានបំពេញកន្លងមក។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើការជូនពរទៅកាន់លោកឯកអគ្គរាជទូត ចំពោះដំណើរមាតុភូមិនិវត្ត សូមឱ្យទទួលបានសុខសុវត្ថិភាព ជាពិសេសសូមឱ្យបានជោគជ័យលើគ្រប់ភារកិច្ច ដែលនឹងបំពេញនាពេលអនាគត៕