(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យដោយផ្ទាល់ លើការប្រឡងវគ្គ FinancialStabilityInstitute (NBC-FSIConnect) របស់ធនាគារជាតិនៃកម្ពុជាលើកទី៤៧ ចំនួន៧០រូប។

វគ្គ FinancialStabilityInstitute របស់ធនាគារជាតិនៃកម្ពុជា ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់លោក ជា ចាន់តូ ដើម្បីកសាងសមត្ថភាពធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងដែលមានស្រាប់ ជាពិសេសដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិអំពីការត្រួតពិនិត្យធនាគារ។

វគ្គ NBC-FSIConnect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជា៣កម្រិត គឺកម្រិតបឋមកម្រិតមធ្យម និងកម្រិតខ្ពស់ សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំ។ ដើម្បីធានាគុណភាពសិក្សាគណៈកម្មការ គ្រប់គ្រងវគ្គមួយត្រូវបានបង្កើតឡើង សម្រាប់គ្រប់គ្រងការសិក្សារបស់សិក្ខាកាមវគ្គនេះ ដែលមានការគាំទ្រដោយផ្ទាល់របស់ថ្នាក់ដឹកនាំ។

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ មានសិក្ខាកាមសរុបចំនួន៧០រូប រួមមានកម្រិតបឋម៣០រូប មធ្យម១៦រូប និងកម្រិតខ្ពស់២៤រូប។ ដោយឡែកថ្ងៃនេះក៏មានសិក្ខាកាម ប្រឡងបញ្ចប់កម្រិតបឋម១៥រូប កម្រិតមធ្យម៥រូប និងកម្រិតខ្ពស់៨រូប ដែលបានចូលរួមប្រឡងវគ្គ NBC-FSIConnec ក្រោមការត្រួតពិនិត្យដោយផ្ទាល់ របស់លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា៕