(ភ្នំពេញ)៖ កំពូលតារាភាពយន្តហុងកុង របស់ស្ថានីយទូរទស្សន៍ TVB នាង Nancy Wu និងលោក Vincent Wong កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ខណៈអ្នកគាំទ្រជាច្រើន បានសម្តែងការអបអរជាមួយវត្តមាន របស់តារាប្រុស-ស្រីទាំង២រូបខាងលើ។
ការបង្ហាញវត្តមានរបស់តារាប្រុស-ស្រីទាំង២ដួង នៅលើទឹកដីប្រទេសកម្ពុជា នាពេលនេះបានធ្វើឡើង តាមរយៈការអញ្ជើញពីសំណាក់ស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍ PNN នៃព្រះរាជណាចក្រកម្ពុជា ដោយសហការជាមួយស្ថានីយ៍ទូរទស្សន៍TVB ហុងកុង គោលបំណងដើម្បីជួបផ្ទាល់នឹងប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួន ជាច្រើននៅកម្ពុជា។
ថ្លែងក្នុងសិន្និសិទ្ធសាព័ត៌មានកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញតារាហុងកុងរបស់ស្ថានីទូរទស្សន៍ TVB ដែលត្រូវបានផ្តល់សិទ្ធិផ្សាយបន្ត ដោយស្ថានីយទូរទស្សន៍PNN កញ្ញា Nancy Wu និងលោក Vincent Wong បានសម្តែងក្តីរំភើបរីរាយខ្លាំង ដែលបានមកដល់ប្រទេសកម្ពុជា ពិសេសគឺទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនរបស់ខ្លួន នៅកម្ពុជា ហើយការទទួលស្វាគមន៍នេះ ពិតជាកំលាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ពួកគេ។ កញ្ញា Nancy Wu និងលោក Vincent Wong បានថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំង ពេលទទួលបានការស្វាគមន៍ ពីសំណាក់ទស្សនិកជននិងមិត្តៗ យុវវ័យនៅកម្ពុជា។ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា ព្រោះកម្ពុជាមានអាគារខ្ពស់ៗ និងជាប្រទេសដែលមានសម្រស់ទេសភាពស្អាត គួរឲ្យចាប់អារម្មណ៍ខ្លាំង»។
ក្រៅពីជូបជាមួយមិត្តជាច្រើនរយនាក់ ដែលកំពុងប្រកួតប្រជែងក្នុងកម្មវិធី អ្នកដែលមានមុខមាត់ដូច ឬស្រដៀងតារាភាពយន្តរបស់ TVB លើសពីនេះដែរកញ្ញា Nancy Wu និង លោក Vincent Wong គ្រោងនឹងចូលរួមកំសាន្តជាមួយល្បែងប្រពៃណីខ្មែរ និងផ្តល់បរិយាកាសរីករាយសម្រាប់ប្រិយមិត្តខ្លួន តាមរយៈការបកស្រាយបទចម្រៀង ដោយផ្ទាល់ពីសំណាក់ពួកគេផងដែរ។
សូបញ្ជាក់ថា ស្ថានីយទូរទស្សន៍ ភីអិនអិនកាលពីដើមឆ្នាំ២០១៦ បានចុះកិច្ចព្រមព្រៀងចាក់ផ្សាយគ្រប់ខ្សែភាពយន្តភាគថ្មីរបស់ TVB កំពុងដាក់បញ្ចាំងក្នុងទីក្រុងហុងកុង។ កិច្ចព្រមព្រៀងនេះ មានតម្លៃរហូតដល់ទៅជាង១លានដុល្លារផ្តល់សិទ្ធិផ្តាច់មុខឲ្យ ភីអិនអិនចាក់ផ្សាយភាពយន្តភាគចុងក្រោយ និងមុនគេបង្អស់លើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ នៅមានខ្សែភាពយន្តថ្មីៗជាច្រើនទៀត គ្រោងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ដូចជារឿង៖ Dead Wrong, House Of Spirits, My Lover From The Planet Meow, Two Steps From Heaven, Dearest Daddy និងរឿង My Dangerous Mafia Retirement Plan ជាដើម៕