(ប៉ារីស)៖ នៅយប់ម៉ោង១១៖៣៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង៥៖៣៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេសេ ចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិកបន្តទៀត ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប។

នៅក្នុងពេលនៃការស្នាក់នៅទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយទៀតផងដែរ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមសន្និសីទ ស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន។

សន្និសីទនេះ ត្រូវបានធ្វើឡើងនៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធានាធិបតីបារាំង លោក ម៉ានូអែល ម៉ាក្រុង ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ក្នុងសន្និសីទនេះ លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។

សន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន គឺជាសន្និសីទមួយស្វះស្វែងរកការគាំទ្រ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋអ៊ុយក្រែន កើតចេញពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ី។

ក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាគន្លឹះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់អឺរ៉ុបនាពេលនេះ គឺជាដំណើរមួយដែលនឹងចូលរួមផ្តល់វិភាគទាន ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕