(តាកែវ)៖ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បានដឹកនាំមន្រ្តីក្រោមឱវាទមួយចំនួន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ចុះទៅសួរសុខទុក្ខក្រុមគ្រូសារសព ដែលឆក់ខ្សែភ្លើងស្លាប់ទាំង៣នាក់ ឪពុកកូន ដល់លំនៅដ្ឋានដែលស្ថិតនៅក្នុងភូមិដូនពែង សង្កាត់បារាយ៏ ក្រុងដូនកែវ។
លោក ឡាយ វណ្ណៈ បានសំដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់ប្ដី កូនប្រុសស្រីជាទីស្រឡាញ់របស់ខ្លួន ដោយគ្មានថ្ងៃនិងវិលវិញនោះទេ។ នេះជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមគ្រួសារមួយ ហើយលោកក៏បានស្នើសុំឲ្យស្រ្តីជាភរិយាសពកាត់ចិត្ត និងប្រឹងប្រែងរស់នៅ ដើម្បីចញ្ចឹមថែរក្សាបីបាច់កូនស្រីម្នាក់ទៀត អោយបានល្អ។ ព្រមជាមួយគ្នានោះផងដែរ លោកអភិបាលខេត្តក៏បាននាំយកនូវថវិកាចំនួន១លាន ដើម្បីចូលបុណ្យសពផងដែរ។
គួបញ្ជាក់ថា កាលពីព្រិកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៦ នៅភូមិដូនពែង សង្កាត់បារាយ៍ ក្រុងដូនកែវ មានហេតុការណ៍ដ៏គួឲ្យរន្ធត់មួយបានកើតឡើង ដោយបុរសជាឪពុក និងកូនប្រុសស្រីពីរនាក់ ត្រូវបានខ្សែភ្លើងឆក់តៗគ្នាស្លាប់ភ្លាមៗ គួឲ្យអាណោចអាធ័មជាទីបំផុត ខណ:ដែលបុរសជាឪពុក បានយកដែកមកផ្សាធ្វើដំបូលផ្ទះរបស់ខ្លួន។
ក្រុមគ្រួសារមួយនេះមានកូន៤នាក់ ដោយឡែកកូនស្រីម្នាក់ទើបតែលង់ទឹកស្លាប់ កាលពីឆ្នាំកន្លងទៅនេះ ហើយពេលនេះកូនពីរនាក់ទៀត រួមនិងឪពុកផងបានស្លាប់ទៀត គួរអោយអាសូរជាទីបំផុត៕