(ប៉ារីស, បារាំង)៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន។
សន្និសីទនេះ ត្រូវបានធ្វើឡើងនៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធានាធិបតីបារាំង លោក ម៉ានូអែល ម៉ាក្រុង ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ក្នុងសន្និសីទនេះ លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។
សន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន គឺជាសន្និសីទមួយស្វះស្វែងរកការគាំទ្រ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋអ៊ុយក្រែន កើតចេញពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ី។
ក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាគន្លឹះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់អឺរ៉ុបនាពេលនេះ គឺជាដំណើរមួយដែលនឹងចូលរួមផ្តល់វិភាគទាន ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕