(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូងយ៉ាងក្តៅគគុក។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច, ជាពិសេសសម្តេចតេជោ បានលើកឡើងខ្លាំងៗអំពីបញ្ហាសមុទ្រខាងត្បូង៖
* សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍ថា «ខ្ញុំទទួលយកកំហុសដោយស្ម័គ្រចិត្តទាំងស្រុង ចំពោះការជិះម៉ូតូអត់ពាក់ពួកសុវត្ថិភាព សូមមេត្តាកុំយក គំរូអាក្រក់នេះតាមខ្ញុំ» សម្តេចចុះចិត្តបង់ការផាកពិន័យតាមច្បាប់ ចំពោះការជិះម៉ូតូអត់ពាក់ពួកសុវត្ថិភាពនេះ។
* ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃនេះ គឺជាខួបដែលសម្តេចបានងើបប៉ះបោរផ្តួលរំលំរបបប៉ុលពត។ សម្តេចតេជោ បានបញ្ជាក់ថា ថ្ងៃនេះគឺជាការសម្រេចចិត្ត ដ៏គ្រោះថ្នាក់បំផុត ប្រសិនបើសម្តេចសម្រេចចិត្តខុស នឹងគ្មានអាយុជីវិតនោះឡើយ។ សម្តេចតេជោ ក៏បានរំលឹកថា ថ្ងៃនេះ គឺជាថ្ងៃដែលសម្តេចឈឺចាប់បំផុតផងដែរ ដែលជាថ្ងៃសម្តេចសរសេរលិខិតទៅភរិយារបស់សម្តេច។ សម្តេចថា ពេលចាប់សរសេរលិខិតនេះទៅភរិយាទឹកភ្នែក ក៏បានហូរស្រក់ឥតឈប់។ ថ្ងៃនេះគឺជាថ្ងៃទឹកភ្នែក ប៉ុន្តែជាថ្ងៃដែលសម្តេច ហ៊ុន សែន មានវត្តមានជាមួយប្រជាពលរដ្ឋនៅពេលនេះ។
* នៅខួប ៣០ឆ្នាំ នៃថ្ងៃដែលសម្តេចងើបឡើងធ្វើការតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកថ្ងៃនេះ គឺជាថ្ងៃផ្តល់អាហារូបករណ៍ដល់និស្សិតពេទ្យ ដែលប្រឡងជាប់ជយលាភីលេខ១ផងដែរ ក្នុងមួយឆ្នាំតម្លៃប្រមាណ ២៥០០ដុល្លារ ដោយគិតចាប់ពីឆ្នាំ២០១៥ទៅ។ សម្តេចប្រកាសជួបជុំនិស្សិតពេទ្យទាំងអស់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ នៅភូមិគ្រឹះរបស់សម្តេច ដើម្បីពិភាក្សាពីការផ្តល់អាហារូបករណ៍នេះ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមានគោលដៅពង្រឹងគ្រូពេទ្យឯកទេស ដើម្បីពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។
* សម្តេចតេជោ បានឌឺដងឲ្យការបួងសួងរបស់គណបក្សសង្រ្គោះជាតិថា មិនបាច់ទៅបួងសួងនៅឯណានោះទេ កុំតែទៅធ្វើខុសច្បាប់ទៅ គឺគ្មានទោសទណ្ឌនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានហៅមេធាវីលោក កឹម សុខា ថាជាមេធាវីចេះស្ទើរ សម្តេចតេជោថា លោក កឹម សុខា បានធ្វើរឿងតូចឲ្យក្លាយទៅជារឿងធំ។ សម្តេចតេជោ ហ៊ុន សែន ថា សំណុំរឿងរបស់លោក កឹម សុខា ជារឿងតូច គ្រាន់តែចូលទៅបំភ្លឺបន្តិចចាប់ហើយ តែមិនព្រមចូល។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅមន្រ្តីថា មន្រ្តីធ្វើជាអ្នកបម្រើរាស្រ្ត មិនមែនធ្វើជាចៅហ្វាយរាស្រ្តនោះទេ ហើយសម្តេចមិនសុំអ្វីពីមន្រ្តីនោះឡើយ គឺសុំឲ្យតែធ្វើ និងគោរពទៅតាមច្បាប់បានហើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យមន្រ្តីត្រូវចេះទទួលខុសត្រុវ ហើយសម្តេចថា ត្រូវចៀសឲ្យឆ្ងាយពីមន្រ្តី ដែលទទួលតែត្រូវ ហើយមិនទទួលខុស ទម្លាក់កំហុសឲ្យថ្នាក់ក្រោម ហើយរាយការណ៍ទៅថ្នាក់លើ។ សម្តេចតេជោ ហ៊ុន សែន ថា មន្រ្តីបែបនេះមិនចាំប្រើទេ និងកុំយកទៅដាក់ក្បែរខ្លួន។
* សម្តេចតេជោ ផ្តាំផ្ញើទៅមន្រ្តីទាំងអស់ត្រូវធ្វើជាមន្រ្តីជើង២ កុំធ្វើមន្រ្តីជើង១០។ តែមន្រ្តីជើង២ គឺត្រូវដើរទៅដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនមែនចុះទៅបង្កើតបញ្ហា ដូចជាមានប្រពន្ធក្រៅផ្ទះ ឬដើរបង្កបញ្ហាដីធ្លីនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានតំណាលរឿងមន្រ្តីគ្រាប់ល្ពៅជូនមន្រ្តីរាជការទាំងអស់ស្តាប់ ហើយប្រាប់ទៅមន្រ្តីទាំងអស់ កុំឲ្យយកត្រាប់តាមមន្រ្តី គ្រាប់ល្ពៅប្រភេទទីមួយ។ ការតំណាលរឿងមន្រ្តីគ្រាប់ល្ពៅនេះ គឺសំដៅឲ្យមន្រ្តីទាំងអស់ត្រូវតែស្មោះត្រង់ និងហ៊ាននិយាយនូវការពិត។ សម្តេចផ្តាំទៅដល់មន្រ្តី របស់ខ្លួនឲ្យត្រូវមានស្មារតីសាមគ្គីគ្នា មិនត្រូវមានវប្បធម៌ពែងជើង ឬ ក្តិចត្រួយគ្នានោះទេ។
* សម្តេចតេជោ ហ៊ុន សែន ក៏ចោទសួរទៅអ្នកនយោបាយ ដែលតែងតែនិយាយអួតថា នឹងផ្តល់ឱកាសកូនអ្នកក្រធ្វើអ្នកធំ ឬធ្វើតំណាងរាស្រ្តថា តើពួកគេអាចបានធ្វើឬអត់ ប្រសិនបើក្នុងបក្សនោះ តម្រូវឲ្យបេក្ខភាពតំណាងរាស្រ្ត ត្រូវបង់លុយតិច ឬច្រើនតាមលំដាប់លេខរៀងនោះ?។ សម្តេចតេជោ បានហៅការឃោសនារបស់គណបក្សទាំងអស់នោះ កំពុងតែដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ចេញចំឈ្មោះបក្សនយោបាយនោះទេ តែគណបក្សនយោបាយ ដែលជាញឹកញាប់តែងលើកបញ្ហានេះឡើង គឺគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅបក្សនយោបាយចូលចិត្តធ្វើប្រជាភិថុតិនេះ ល្មមឈប់ហើយ។ សម្តេចបានលើកជាឧទាហរណ៍ឲ្យគណបក្សនយោបាយចូលចិត្តធ្វើប្រជាភិថុតិ ប្រយ័ត្នមានជោគវាសនាដូចគណបក្សហ៊្វុនស៊ិនប៉ិច។ សម្តេចតេជោថា គណបក្សហ៊្វុនស៊ិនប៉ិចដួលរលំ ព្រោះតែការធ្វើនយោបាយសន្យានេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងផ្តិតមេដៃគាំទ្រញត្តិរបស់គណបក្សសង្រ្គោះជាតិ មិនទាន់រួចខ្លួននៅឡើយទេ ដែលនេះជាការប្រមាថធ្ងន់ធ្ងរ ដល់ព្រះមហាក្សត្រ និងជាការបោកប្រាស់ប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅមន្រ្តីទូតប្រចាំនៅកម្ពុជានានា កុំចោទសម្តេចថា ប្រើប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែង តែនេះជាការអនុវត្តច្បាប់។ សម្តេចតេជោបានចោទសួរថា បើច្បាប់មានមិនប្រើ ត្រូវប្រើកាំភ្លើងឬយ៉ាងណា?
* ឆ្លើយតបការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ ដែលតែងតែធ្វើការឃោសនានឹងរក្សាទុកតួនាទីមន្រ្តីរាជការនៅដដែលនៅពេលឈ្នះឆ្នោតនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹក និងសួរទៅមន្រ្តីថា តើពួកគេអាចរក្សាទុកបានដែរឬទេ ខណៈពួកគេកំពុងជេរមន្រ្តីនោះថា ពុករលួយ ហើយបើរក្សាទុកមន្រ្តីនៅដដែល តើអ្នកដែលចំណាយលុយ ចំណាយជួយបក្សប្រឆាំង ត្រូវទៅធ្វើអ្វី?
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានដើរតួនាទីយ៉ាងល្អ ក្នុងការសម្របសម្រួលកិច្ចការសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសក្នុងតំបន់។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រទេសពាក់ព័ន្ធទាំងអស់ក្នុងរឿងសមុទ្រចិនខាងត្បូង ជួបចរចាគ្នាដើម្បីដោះស្រាយ កុំឲ្យកម្ពុជាចេញមុខចរចា ការលើកឡើងបែបនេះរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា កម្ពុជាបានបំផ្លាញការចេញសេចក្តីថ្លែងការណ៍របស់អាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសកម្ពុជាមិនចូលរួមការចេញសេចក្តីថ្លែងការណ៍ណាមួយទាំងអស់ គាំទ្រការចេញសាលដីកា របស់តុលាការពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ប្រកាន់ជំហរអព្យាក្រឹត្យ។
* សម្តេចតេជោ ហ៊ុន សែន៖ «ខ្លួនឯងទាស់គ្នាដណ្តើមដីគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង មកចោទតែកម្ពុជាជាអ្នកបំផ្លាញ សុំប្រទេសដែលមានបញ្ហា ចេញមកចរចាដោយខ្លួនទៅ»។
* សម្តេចប្រកាសថា កម្ពុជាសុំធ្វើជាប្រទេសអព្យាក្រឹត្យលើបញ្ហាសមុទ្រចិនខាងត្បូង, សម្តេចបានប្រកាសទៀតថា កម្ពុជាមិនធ្វើអាយ៉ងរបស់អ្នកណានោះទេ លើបញ្ហាសមុទ្រចិនខាងត្បូង។
* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសអំពាវនាវប្រទេសដែលនៅខាងក្រៅអាស៊ាន កុំលូកដៃចូលកិច្ចការរបស់អាស៊ាន លើបញ្ហាសមុទ្រចិនខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖៥០នាទី៕