(ភ្នំពេញ)៖ បុរសម្នាក់ បានបើករថយន្ត Lexus មួយគ្រឿង ទៅបុករនាំងដែកដាក់ចែកទ្រូងផ្លូវ បណ្តលឲ្យបាក់៥ផ្ទាំង និងបន្តទៅបុកដើមឈើ និងបង្គោលភ្លើង ហើយជ្រុលទៅបុកម៉ូតូបណ្តាលឲ្យ បុរសម្នាក់រងរបួសទៀត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាម៉ោង២៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ត្រង់មុខមណ្ឌលកំសាន្ត​ Water Park ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងខាងលើ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Luxes RX300 ពាក់ស្លាកលេខភ្នំពេញ 2D-8821 តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន ហើយរ៉េពេញផ្លូវ​ លុះបើកមកដល់ចំណុចកើតហេតុ​ គេឃើញរថយន្តដែលបើកដោយបុរសម្នាក់នោះ បានជ្រុលទៅបុករនាំងដែកបាក់អស់៥ផ្ទាំង​ និងជ្រុលល្បឿនទៅមុខហើយបន្តបុកដើមឈើ និងបង្គោលភ្លើង​ ក៏ជ្រុលទៅបុកបន្ថែម​ម៉ូតូមួយគ្រឿងទៀត ដែលជិះមកពីមុខធ្វើឲ្យម្ចាស់រងរបួស​ និងត្រូវបានដឹកបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ​។

ក្រោយកើតហេតុរថយន្តបង្ក រួមជាមួយអ្នកបើកបរ ត្រូវបានសមត្ថកិ្ចជំនាញឃាត់ខ្លួន បញ្ជួនទៅកាន់ការរិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូច្បាប់​៕