(ភ្នំពេញ)៖ ក្រុមហ៊ុនជំនាញខាងទុកដាក់ និងកែច្នៃសំរាម ក៏ដូចជាកាកសំណល់មួយរបស់កូរ៉េ បានចាប់ដៃជាមួយក្រសួងបរិស្ថាន របស់កម្ពុជា ដើម្បីប្រតិបត្តិការប្រមូលទុកដាក់សំរាម និងកាកសំណល់ ជាពិសេសនោះ គឺកែច្នៃប្រែក្លាយកាកសំណល់ និងសំរាម ទៅជាប្រយោជន៍សេដ្ឋកិច្ច។

ពិធីចុះអនុស្សារៈយោគយល់រវាងក្រសួងបរិស្ថានកម្ពុជា និងក្រុមហ៊ុនដេហាន ខបភើរេសិន ដើម្បីប្រតិបត្តិការលើការប្រមូលទុកដាក់សំរាម និងកាកសំណល់ ក៏ដូចជាកែច្នៃសំរាម និងកាកសំណល់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។ តាមរយៈអនុស្សរណៈនេះ ក្រុមហ៊ុន នឹងប្រតិបត្តិការរៀបចំផែនការទុកដាក់សំណល់ តាមលំនៅឋាន ឱ្យមានប្រសិទ្ធភាពបំផុត និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបង្ករឡើងដោយមនុស្ស។

ថ្លែងប្រាប់អ្នកព័ត៌មានបន្ទាប់ពីចុះអនុស្សរណៈ លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា និងជាអ្នកសម្រប់សម្រួលការចុះ អនុស្សរណៈរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន បានឱ្យដឹងថា ការចុះអនុស្សរណៈនេះ គឺក្រុមហ៊ុនមានឆន្ទៈក្នុងការជួយកម្ពុជា ក្នុងការទុកដាក់ និងកែច្នៃសំណល់ ដែលគេបោះចោលឱ្យទៅជា ផលប្រយោជន៍សេដ្ឋកិច្ច។

លោកបន្តថា ក្រុមហ៊ុន និងក្រសួងបរិស្ថាន នឹងធ្វើឱ្យ សំណល់ទាំងអស់ដែលគេបោះចោលក្លាយទៅជាចំណូលចូលរដ្ឋ និងបង្កើនការងារក្នុងស្រុកផងដែរ ខណៈ សំណល់ទាំងនោះ វានឹងមិនមានផលប៉ះពាល់ដល់បរិស្ថានបន្តទៀតនោះឡើយ។

ក្រុមហ៊ុនខាងលើនេះ ក៏មានបំណង អញ្ជើញសមាជិកនៃបណ្តាញសង្គមស៊ីវិលកម្ពុជា(CCN) និងមន្ត្រីបរិស្ថានចុះផ្សព្វផ្សាយ និងពន្យល់បន្ថែមស្តីពីការគ្រប់គ្រងសំណល់នៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ចំពោះបញ្ហាសំណល់ និងសំរាមនោះ។ បន្ថែមពីលើនេះ ក្រុមហ៊ុន នឹងអញ្ជើញមន្ត្រីក្រសួងបរិស្ថានទៅទស្សនកិច្ចនៅប្រទេសកូរ៉េនាពេលខាងមុខ ដើម្បីដកបទពិសោធន៍ទាក់ទងការកែច្នៃសំរាម និងកាកសំណល់។

សូមបញ្ជាក់ផងដែរថា អនុស្សរណៈនេះ មានសុពលភាពរយៈពេលពីរឆ្នាំ គិតចាប់ពីពេលចុះហត្ថលេខានេះទៅ។ ទោះយ៉ាងណាអនុស្សរណៈនេះ អាចពន្យារសុពលភាព តាមរយៈការពិនិត្យឡើងវិញរវាងភាគីទាំងពីរមួយខែមុនពេលអនុស្សរណៈយោគយល់អស់សុពលភាព។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ក្នុងមួយឆ្នាំ កម្ពុជា បានបង្កើតសំរាមជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមមានជាង ១ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២,៧០០ ទៅ ៣,០០០តោន ក្នុងមួយថ្ងៃ។ ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧.៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨.១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០.២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨.៣០%៕