(កំពង់ស្ពឺ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី ក្រុមប្រតិបត្តិសាខា។

ថ្លែងក្នុងឱកាសនោះ លោក វ៉ី សំណាង បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខដល់សមាជិក សមាជិកា នៃអង្គពិធីពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយក្តីនឹករលឹកដោយសោមនស្សរីករាយ។

លោក វ៉ី សំណាង បានណែនាំដល់សាខាអនុសាខា ក្នុងគោលដៅធ្វើយ៉ាងណាឲ្យសាខា និងអនុសាខាមានការអភិវឌ្ឍលើគ្រប់វិស័យអាទិភាព ក្នុងនោះរួមមាន៖ វិស័យអាទិភាពទី១ ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, វិស័យអាទិភាពទី២ បញ្ហាសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, វិស័យអាទិភាពទី៣ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងវិស័យអាទិភាពទី៤ ការអភិវឌ្ឍស្ថាប័ន។

លោកបានសង្កត់ធ្ងន់ថា ចំពោះការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏ដូចជាអនុសាខា ក្រុង ស្រុក ទាំងអស់ គឺបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ ដោយមិនទុក្ខនរណាម្នាក់ចោល។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខា ក្រុង ស្រុក ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌របស់សាខាកន្លងមក។

លោក វ៉ី សំណាង ក៏បានសម្ដែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោក លោកស្រី លោកឧកញ៉ា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ ចូលរួមរាល់សកម្មភាពរបស់សាខា ដើម្បីឲ្យសាខាមានទុនសម្រាប់ឆ្លើយតបទៅនិងសកម្មភាពមនុស្សធម៌របស់សាខាផងដែរ។ សូមបញ្ជាក់ថា ក្នុងពិធីនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានទទួលថវិកាសមាជិកភាព ឆ្នាំ២០២២ ពីមន្ទីរអង្គភាពជុំវិញខេត្ត បានចំនួន២១,២៥៤,០០០រៀល និងមានចូលរួមជាបន្តបន្ទាប់ទៀត៕