(ភ្នំពេញ)៖ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ Culinary Diplomacy» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។
ក្នុងពិធីបើកវគ្គនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក៏មានការអញ្ជើញចូលរួមពីសហព័ទ្ធឯកអគ្គរាជទូតកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី និងចុងភៅប្រចាំស្ថានតំណាងកម្ពុជានៅបរទេស សរុបប្រមាណ៣០នាក់។
វគ្គបណ្តុះបណ្តាល «ការទូតអាហារ» នេះជាផ្នែកមួយ នៃការលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ជាតិ រួមទាំងម្ហូបខ្មែរលើឆាកអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣។ យោងតាមអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ម្ហូបអាហារ ជាឧបករណ៍ការទូតមួយដ៏មានឥទ្ធិពល ក្នុងការបង្កើនចំណងមិត្តភាពរវាងប្រទេស តាមរយៈការរៀបចំកម្មវិធីជួបជុំ ជាមួយអង្គទូតបរទេស និងការតាំងពិព័រណ៌ម្ហូបខ្មែរជាដើម។
លោកបណ្ឌិត ញឹម ខេមរា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដោយសហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។
លោកបណ្ឌិត ជឿជាក់យ៉ាងមុតមាំថា ឯកអគ្គរាជទូត និងសហព័ទ្ធ ព្រមទាំងចុងភៅប្រចាំស្ថានតំណាង នឹងខិតខំប្រើប្រាស់នូវពុទ្ធិដែលទទួលបានពីវគ្គនេះ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងន័យពង្រឹង លើកស្ទួយកិត្តិនាម និងកិត្យានុភាពជាតិ លើឆាកអន្តរជាតិ៕