(កំពង់ឆ្នាំង)៖ លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ថា អាជ្ញាធរនឹងដកហូតសម្ភារ និងចាត់ការតាមច្បាប់ក្នុងករណី ម្ចាស់សំណង់ដែលសាងសង់របងបិទផ្លូវសាធារណៈដែលមានច្បាប់អនុញ្ញាតស្ថិតនៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្នុងក្រុងកំពង់ឆ្នាំង ដែលនៅតែចចេះរឹងរូសនឹងការហាមឃាត់របស់អាជ្ញាធរ។

អភិបាលរងក្រុងកំពង់ឆ្នាំង បានឱ្យដឹងផងដែរថា កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកបានចុះមកហាមឃាត់ និងធ្វើកិច្ចសន្យាដោយបញ្ឈប់ការសាងសង់ជាបណ្ដោះអាសន្ន និងបានឱ្យម្ចាស់សំណង់ខាងលើនេះ ទៅធ្វើច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវទើបអនុញ្ញាតឱ្យធ្វើការសាងសង់បន្ត។ តែនៅថ្ងៃម្សិលមិញនេះ ម្ចាស់សំណង់មិននៅ រីឯជាងសំណង់ក៏អត់បានចូលរួមផ្តិតមេដៃក្នុងកិច្ចសន្យានោះទេ តែលោកក៏បានហាមឱ្យផ្អាកការសាងសង់ ជាបណ្ដោះអាសន្ន ករណីនៅតែបន្តធ្វើលោកនឹងមកដកហូតយកសម្ភារសំណង់។

លោក ក្រូច ម៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះបន្ទាប់ពីទទួលព័ត៌មានថាសំណង់មួយនេះ ដោយមិនស្ដាប់ការណែនាំរបស់អាជ្ញាធរនៅតែបន្តសាងសង់ដដែល លោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានបញ្ជាឱ្យលោកដឹកនាំ ក្រុមការងារ និងកងកម្លាំងចុះមកហាមឃាត់ម្តងទៀត និងបាននាំយកមេជាងសំណង់ម្នាក់ទៅធ្វើកិច្ចសន្យាដើម្បីឱ្យផ្អាកការសាងសង់សំណង់នេះជាបណ្ដោះអាសន្នឱ្យខានតែបាន ករណីនៅតែចចេះរឹងរូសលោកនឹងដឹកនាំកម្លាំង សមត្ថកិច្ចចុះមកដកហូតសម្ភារៈសំណង់ និងចាត់ការតាមនីតិវិធី»

បើតាមលោក ឈួរ ថន ជាចៅសង្កាត់ខ្សាម បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ឱ្យដឹងថា បន្ទាប់ពីលោកទទួលបានសេចក្តីរាយការណ៍អំពីករណី ដែលនៅតែមានសកម្មភាពសាងសង់របងបិទផ្លូវនៅតែបន្តមកដល់ថ្ងៃទី១៣ ខែធ្នូនេះ។ ភ្លាមនោះ លោកក៏បានរាយការណ៍ទៅអាជ្ញាធរក្រុង ដើម្បីមានវិធានការបន្ទាប់មកលោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានចាត់ក្រុមការងាររបស់សាលាក្រុង ដោយមានការសហការជាមួយក្រុមប្រឹក្សាសង្កាត់របស់លោក រួមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលខ្សាម ចុះមកពិនិត្យដល់ទីតាំងខាងលើនេះម្តងទៀត ដើម្បីអនុវត្តនីតិវិធី។

លោកបានបញ្ជាក់បន្ថែមដែរថា ផ្លូវនេះគឺជាផ្លូវសាធារណៈរបស់រដ្ឋពិតប្រាកដមិនអាចបុគ្គលណារំលោភបំពានបានឡើយ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋហួសចិត្ត និងមានការងឿងឆ្ងល់ជាខ្លាំងចំពោះសកម្មភាពធ្វើការសាងសង់របងបិទផ្លូវសាធារណៈអត់ ច្បាប់ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្នុងក្រុងកំពង់ឆ្នាំង ដែលមកដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ គេនៅតែឃើញក្រុមជាងបន្តសកម្មភាពដដែល បើទោះជាកាលពីថ្ងៃថ្ងៃម្សិលមិញ គឺថ្ងៃទី១២ ខែធ្នូ អាជ្ញាធរក្រុងដឹកនាំក្រុមការងារដែលមានសមាសភាពអាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ អាជ្ញាធរភូមិ មន្ត្រីជំនាញ និងសមត្ថកិច្ចបានចុះហាមឃាត់ការសាងសង់សំណង់ខាងលើនេះជាបណ្ដោះអាសន្ន ដោយឱ្យម្ចាស់សំណង់ធ្វើច្បាប់ទម្លាប់សាងសង់ជាមុនសិនទើបអនុញ្ញាតឱ្យធ្វើការសាងសង់ជាបន្តយ៉ាងនេះក្តី។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរតំបន់នោះបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះថា ដោយឃើញសកម្មភាពការសាងសង់សំណង់បិទផ្លូវ នៅតែបន្តធ្វើសកម្មភាពមកដល់ ថ្ងៃទី១៣ ខែធ្នូនេះដដែលនោះ ពួកគាត់ក៏បាត់ជំនឿទៅលើអាជ្ញាធរហើយក៏បានប្រមូលគ្នីគ្នាអ្នកដែលមានលំនៅដ្ឋានក្នុងតំបន់នោះ ត្រៀមកង់ឡានជាច្រើន និងដបសាំងបម្រុងធ្វើបាតុកម្មនៅព្រឹកនេះ ដើម្បីទាមទារឱ្យអាជ្ញាធរជួយរកដំណោះស្រាយជូនពួកគាត់ ចំពោះបុគ្គលដែលហ៊ានធ្វើរបងបិទផ្លូវសាធារណៈដោយខុសច្បាប់ខាងលើនេះផងដែរ។ តែសកម្មភាពនេះបានស្ងប់ស្ងាត់ទៅវិញ ដោយពួកគាត់បានឃើញអាជ្ញាធរ រួមនឹងកងកម្លាំងសមត្ថកិច្ចបានមកដល់ទីតាំងកើតហេតុហើយបានហៅមេការសំណង់ម្នាក់យកទៅធ្វើកិច្ចសន្យាបានទាន់ពេល៕