Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ស្នើប្រធានាធិបតីស្រីលង្កា បើកជើងហោះហើរត្រង់មកកម្ពុជា, ស្រីលង្កាឯកភាពពិនិត្យលើចំណុចនេះ (Video inside)

13-12-2022 15:26

(ស្រីលង្កា)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Ranil Wickremesinghe ប្រធានាធិបតី នៃប្រទេសស្រីលង្កា។

ក្នុងឱកាសនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រធានាធិបតីស្រីលង្កា និងបាននាំនូវការអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដល់ប្រធានាធិបតីស្រីលង្កា ឲ្យមកទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយផងដែរ។

លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់ជូននូវសិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា។ កម្ពុជាមានអ្នកកាន់សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ ប្រមាណជាង៩៣% សាសនាឥស្លាមជិត៥% និងផ្សេងៗជិត ២% នៃប្រជាជនជិត១៧ លាននាក់។ រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដោយឥតឈប់ឈរ។

លោកបណ្ឌិត ក៏បានលើកឡើងពីការផ្សាភ្ជាប់កម្ពុជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបានលើកឡើងពីដំណើរលើវិស័យទេសចរណ៍មុន ក្រោយវិបត្តិកូវិដ១៩ និងការងើបឡើងវិញនាពេលបច្ចុប្បន្ននេះ ដែលសេដ្ឋកិច្ចកម្ពុជាក៏រំពឹងថាងើបឡើងវិញជាបន្តបន្ទាប់។

លោកស្នើដល់ប្រធានាធិបតីស្រីលង្កា ពិនិត្យការហោះហើរត្រង់មកកម្ពុជា ព្រមទាំងបានលើកឡើងពីសក្ដានុពល នៃការងារវិនិយោគនៅកម្ពុជា ដែលមានច្រើន រួមមានទាំងវិស័យឧស្សាហកម្មហាឡាល ពង្រីកការនាំចេញផងដែរ។

ជាកិច្ចឆ្លើយតប ប្រធានាធិបតី បានសម្ដែងនូវក្ដីរីករាយ អរគុណចំពោះការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេច ព្រមទាំងទទួលនូវការអញ្ជើញរបស់សម្ដេចមកទស្សនកិច្ចផ្លូវការនៅកម្ពុជានៅពេលវេលាសមស្របណាមួយ ព្រមទាំបានលើកឡើងថា នឹងពិនិត្យការហោះហើរត្រង់មកកម្ពុជា ដើម្បីពង្រីកទេសចរណ៍ ការវិនិយោគវិស័យហាឡាល នាំទៅទីផ្សាប្រទេសតំបន់ឈូងសមុទ្រ GCC ពិនិត្យបង្កើតឲ្យមានស្ថានកុងស៊ុល ដើម្បីបង្កភាពងាយស្រួលថែមទៀត។

លោកប្រធានាធិបតីបានលើកឡើងថា ស្រីលង្កា កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌា នេប៉ាល់ ជាប្រទេសដែលមានប្រជាជនប្រកាន់យកសាសនាព្រះពុទ្ធច្រើន ដែលអាចមានទេសចរណ៍សាសនានឹងមានការរីកចំរើននៅពេលអនាគតបើមានភាពកាន់តែងាយស្រួលឡើង។ ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានភាពកាន់តែល្អប្រសើរឡើងនៅពេលខាងមុខ៕