(ពោធិ៍សាត់)៖ លោក សរ សុវណ្ណ រដ្ឋលេខាធិការ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក គិត សុផា អភិបាលរងខេត្តពោធិ៍សាត់ និងលោក សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយបានការចូលរួមពី អស់លោក លោកស្រីជាប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុងស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ លោក គិត សុផា បានជម្រាបជូនថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កំពុងធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំនួន០៤ស្រុក ក្នុងនោះរួមមាន៖ ស្រុកក្រគរ ស្រុកកណ្ដៀង ស្រុកភ្នំក្រវាញ និងស្រុកបាកាន។

លោកបានបញ្ជាក់ថា ក្បាលដីរបស់ស្ថាប័ន ឬអង្គភាពរដ្ឋមួយចំនួន នៅមិនទាន់បានដាក់ពាក្យស្នើសុំ ចុះបញ្ជីដីនៅឡើយ ហើយស្ថាប័នឬអង្គភាពរដ្ឋមួយចំនួន មានការឆក់ល្វែងក្នុងការចូលរួមជាមួយក្រុមការងារចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ។ លោកសូមឱ្យអាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់និងជាពិសេសស្ថាប័នឬអង្គភាពរដ្ឋ សូមជួយសហការជាមួយក្រុមការងារចុះបញ្ជីដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីពន្លឿនក្នុងការចុះបញ្ជី ឱ្យបានឆាប់ចប់មុនផែនការថ្នាក់ជាតិ។

លោក សៀក សុភ័គ បានជំរុញដល់គ្រប់មន្ទីរអង្គភាព និងអាជ្ញាធរ ដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការចុះបញ្ជីដីរដ្ឋឱ្យបានត្រឹមត្រូវ ស្របតាមតាមបែបបទ នៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនិតិវិធី និងការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព។

លោកបានលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្រេបជញ្ជក់ចំណេះដឹង ពីលោក សរ សុវណ្ណ ដែលនឹងធ្វើការផ្សព្វផ្សាយណែនាំក្នុងកិច្ចប្រជុំនេះ ជាពិសេសត្រូវចូលរួមលើកជាសំណួរ ឱ្យបានផុលផុស ដើម្បីពង្រឹងពុទ្ធិ ចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តន៍តាមគោលការណ៍ណែនាំទាំងនេះ ឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

លោក សរ សុវណ្ណ បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាលមន្ទីរអង្គភាពទាំងអស់ក្នុងខេត្ត ត្រូវកំណត់ទំហំក្បាលដី និងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់។ ជាមួយគ្នានោះ ត្រូវកំណត់ប្រភេទដីដែលងាយស្រួល មិនងាយស្រួល និងពិបាកក្នុងការចុះបញ្ជី។ បន្ថែមពីនោះ ត្រូវកំណត់ព្រំដី ជាមួយដីជិតខាងឱ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារ ងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឱ្យបានជាក់លាក់ និងត្រូវបញ្ជាក់តំណាងក្នុងការគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លីរដ្ឋ។

លោក ក៏បានជំរុញដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ច ឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងត្រូវខិតខំចុះបញ្ជីដីរដ្ឋ ឱ្យអស់ក្នុងខេត្តពោធិ៍សាត់ នៅឆ្នាំ២០២៣ខាងមុខនេះ៕