(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ការរៀបចំអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ នាឱកាសនេះ មានការយាងនិមន្ត និងអញ្ជើញចូលរួមពីសម្ដេច ព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះរាជាគណៈគ្រប់ឋានុក្រម ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ថេរានុត្ថេរៈ ថ្នាក់ដឹកនាំ សមាជិក សមាជិការព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្រ្តីរាជការតាមបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត តំណាងឯកអគ្គរាជទូត-រដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទនៃសាសនាឥស្លាម គ្រឹះសានា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ៤៥០អង្គ-នាក់។

លោកបន្តថា ពិធីអនុសំវច្ចរមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃចន្ទ ៤រោច ដល់ថ្ងៃអង្គារ ៥រោច ខែមិគសិរ ត្រូវនឹងថ្ងៃទី១២ ដល់១៣ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីបូកសរុបសកម្មភាព និងពិនិត្យលើលទ្ធផល នៃការអនុវត្តប្រកាសរបស់អនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង ការអនុវត្តរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយមេត្តាធម៌ ព្រះវិន័យ និងដើម្បីអភិវឌ្ឍន៍ធនធានបុព្វជិត សំដៅធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសានាមានការរីកចម្រើន។

សម្ដេចក្រឡាហោម ស ខេង ក្នុងព្រះបរមនាម នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏មានសារសំខាន់មួយ ដើម្បីផ្ដល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្ន ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់ ជាពិសេសបានផ្តល់ជាឱកាសសម្រាប់ជជែកពិភាក្សាស្វែងរកនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីចៀសវាងនូវចំណុចអសកម្មមួយចំនួន និងបង្កើននូវ វឌ្ឍនភាពក្នុងមជ្ឈមណ្ឌលព្រះពុទ្ធសាសនា។

សម្ដេចក្រឡាហោម បានបន្តថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ដែលក្នុងនោះ មានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ក្នុងនោះរាជរដ្ឋាភិបាល បន្តលើកទឹកចិត្តធ្វើឲ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំ ប្រជាពលរដ្ឋទូទៅ ឲ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី រាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍន៍សង្គមជាតិ លើគ្រប់វិស័យ។

សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍន៍ របស់សង្គមជាតិនាពេលបច្ចុប្បន្ន និងបានបន្ថែមថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានក្តីរីករាយ ដោយបានឃើញនូវកម្លាំងមហាសាមគ្គីធម៌របស់ព្រះសង្ឃទាំងពីរគណៈ និងពុទ្ធសាសនិក ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះមហាសង្ឃរាជ និងសម្តេច ព្រះសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា»

សម្ដេចបានគូសបញ្ជាក់ទៀតថា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ បានធ្វើឲ្យប្រទេសជាច្រើននៅជំវិញពិភពលោក បន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ គណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងការរីកចម្រើនទាំងនេះ សម្ដេចអះអាងថា កម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលបង្កឡើងដោយសារបច្ចេកវិទ្យាទំនើប និងតាមបណ្តាញសង្គមជាដើម ហើយវិស័យព្រះពុទ្ធសាសនា ចាំបាច់ត្រូវធ្វើការស្វែងយល់ឲ្យច្បាស់ ហើយចេះប្រើប្រាស់ឲ្យស្របតាមបរិការណ៍ នៃការរីកចម្រើនរបស់បច្ចេកវិទ្យាដ៏ទំនើបនេះ ដោយបន្តទាញយកប្រយោជន៍ពីបច្ចេកវិទ្យា តាមរយៈការធ្វើសកម្មភាពផ្សព្វផ្សាយនូវទ្រឹស្តី និងអប់រំពុទ្ធសាសនិកជន ឲ្យប្រតិបត្តិតាមគន្លងនៃសាសនា និងឲ្យចេះរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនា ដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់។

ក្នុងព្រះបរមនាម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សម្ដេចមានក្ដីសង្ឃឹមថា សម្តេច សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃអង្គ មហាសន្និបាតទាំងអស់នឹងចូលរួមពិភាក្សា ចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរ យោបល់ និងផ្តល់ចំណេះដឹង រកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីសម្រេចបាននូវផែនការ និងគោលការណ៍រួម សមតាមគោលបំណង និងសំណូមពរ របស់មហាសន្និបាត។

សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ផ្តោតការយកចិត្តទុក្ខដាក់ ពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជំរុញការអនុវត្តសង្ឃប្រកាសដែលមានកន្លងមក នឹងអាចដាក់ចេញនូវវិធានការ ឬយន្តការគន្លឹះសម្រាប់ចូលរួមអនុវត្តជាក់ស្ដែងនូវសង្ឃប្រកាសថ្មីឱ្យស្របនឹងវឌ្ឍនភាពរបស់សង្គម ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន។

សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការ យោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឲ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គបន្តយកព្រះទ័យទុកដាក់ស្វាធ្យាយរៀនសូត្រព្រះធម៌វិន័យ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ និងបានសំណូមពរពុទ្ធសាសនិកទាំងអស់ មេត្តារួមគ្នាប្រតិបត្តិតាមព្រះពុទ្ធោវាទឲ្យបានខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា ឲ្យបានរីកចម្រើនសក្តិសមជាសាសនារបស់រដ្ឋ៕