(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចអនុវត្តវិធានការថ្មី ជាមួយក្រុមហ៊ុន ស៉ីនទ្រី ក្នុងការប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម ឱ្យមានភាពប្រសើរឡើង។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី ៤៣ អាណត្តិទី ៣ នៅសាលាខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានឲ្យដឹងថា កន្លងមកតែងតែមានការលើកឡើងពីសមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាពីប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម អំពីការប្រមូលសំរាម នៅក្នុងក្រុងកំពង់ចាម មានការយឺតយ៉ាវរបស់ក្រុមហ៊ុន ស៉ីនទ្រី ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពក្នុងក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះដើម្បីឲ្យការប្រមូលសំរាមនោះ មានភាពប្រសើរឡើង អាជ្ញាធរខេត្តបានសម្រេច និងធ្វើការសាកល្បងរយៈពេល ៦ ខែ ជាមួយក្រុមហ៊ុន ស៉ីនទ្រី ដោយអនុញ្ញាតឲ្យប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនមួយទៀត ប្រមូលចំណូលពីប្រជាពលរដ្ឋ ប្រគល់ឱ្យអាជ្ញាធរក្រុងកំពង់ចាម ទុកទូទាត់ថ្លៃសម្រាមជាមួយក្រុមហ៊ុន ស៉ីនទ្រី ដោយគិតជាគីឡូ គឺ ១តោន គិតឲ្យ ១៨ ដុល្លារ ដែលបច្ចុប្បន្នតម្លៃនេះ គឺខាងក្រុមហ៊ុន និងអាជ្ញាធរក្រុង កំពុងចរចាគ្នា។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការរៀបចំរបៀបរបបថ្មីដូចខាងលើ គឺសំដៅធ្វើឲ្យការប្រមូលសំរាម នៅក្នុងខេត្តកំពង់ចាម មានភាពប្រសើរជាងមុន ដោយហេតុថា តម្លៃនៃការប្រមូលសំរាម គឺថ្លឹងគីឡូគិតជាប្រាក់ ដូច្នេះខាងក្រុមហ៊ុន ស៉ីនទ្រី ចាំបាច់ត្រូវតែប្រមូលសំរាមឲ្យបានច្រើន ដើម្បីបានចំណូលច្រើនដែរ។ ការងារ ត្រូវធ្វើសាកល្បងរយៈពេល ៦ ខែ ប្រសិនបើក្រុមហ៊ុន ស៉ីនទ្រី ធ្វើទៅបានជោគជ័យ អាជ្ញាធរខេត្តហ្នឹងធ្វើកិច្ចសន្យាផ្ដល់ឱ្យវិញ។
ដោយឡែក តាមបណ្ដារស្រុកផ្សេងៗ គឺតម្រូវឲ្យក្រុមហ៊ុន ស៉ីនទ្រី បន្តអនុវត្តប្រមូលសំរាមផង និងប្រមូលចំណូលដោយខ្លួនឯង គឺស្ថិតក្នុងការសាកល្បងរយៈពេល ៦ ខែដូចគ្នា។
លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា បញ្ហាសំរាមនេះ អាជ្ញាធរ អង្គភាពពាក់ព័ន្ធ គួរតែចលនា ដល់ក្រុមយុវជន ឱ្យជួយប្រមូលសំរាម ពោលធ្វើដូច្នេះ ក្នុងន័យដើម្បីបណ្ដុះគំនិត ដោយផ្ដើមចេញពីយុវជន បង្ហាញឲ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការចោលសម្រាមពាសវាលពាសកាល ដែលធ្វើឲ្យបាត់បង់នៅសោភ័ណភាពទីក្រុង៕