(កែប)៖ ក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋាន អាជា្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តកែប បានបើកវគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការ ចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
វគ្គបណ្តុះបណ្តាល បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានការចូលរួមពីមន្ទីរកិច្ចការនារីខេត្តចំនួន០៩មាន ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ។
លោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានប្រាប់ឱ្យដឹងពីគោលបំណងវគ្គបណ្តុះបណ្តាលនោះថា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីថ្នាក់ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាចយកទៅធ្វើការអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាជននៅតាមភូមិគោលដៅឱ្យមានចំណេះដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
លោកស្រី គឹម ចាន់នី អភិបាលរងខេត្តកែប បានថ្លែងស្វាគមន៍ និងរាយការណ៍ជូនពីកិច្ចខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានខេត្តកែប ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខេត្តទេសចរណ៍មួយនេះ។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ក្រសួង មន្ទីរនិងអ្នកពាក់ព័ន្ធនៃកិច្ចការនារីទាំងអស់ ដែលបានខិតខំចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងវិស័យកិច្ចការនារី។
បន្ថែមលើនេះ លោកស្រី ហ៊ូ សាមិត្ត បានលើកឡើងពីភាពចាំបាច់នៃការចូលរួមរបស់នារីក្នុងភាពជាម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ព្រោះនារីមានឥទ្ធិពល ជិតស្និត នៅជាប់ជាមួយក្រុមគ្រួសាររាល់សំដីរាល់សំដីផ្តល់ការទូន្មានរបស់នារី គឺមានប្រសិទ្ធភាព៕