(ភ្នំពេញ)៖ លោក ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា អាហារូបត្ថម្ភ គឺជាបេះដូងនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ បើយើងវិនិយោគ ១ដុល្លារ លើវិស័យអាហារូបត្ថម្ភ នោះយើងនឹងបានមកវិញ ១៦ដុល្លារ នូវលទ្ធផលវិជ្ជមានជាច្រើននៃគោលដៅនានា របស់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងនោះរួមទាំងស្ថិរភាពសង្គម បានទទួលការអប់រំរៀនសូត្របានច្រើន មានសមភាពយេនឌ័រជាដើម។
ការលើកឡើងបែបនេះរបស់លោក ជា សំណាង បានធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលា ស្តីពី ប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។
សិក្ខាសាលាស្តីពី ប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ បានសហការរៀបចំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយវិទ្យាស្ថានអន្តរជាតិការស្តារជនបទឡើងវិញ (IIRR) ប្រចាំកម្ពុជា មជ្ឈមណ្ឌលអន្តរជាតិ សម្រាប់កសិកម្មតំបន់ត្រូពិច (CIAT) ចលនាបង្កើនអាហារូបត្ថម្ភ បានរួមគ្នាពិនិត្យពិភាក្សាលើចំណុច៤ គឺ៖
*ទី១៖ គោលនយោបាយនានាដែលពាក់ព័ន្ធសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការប្រើប្រាស់ស្បៀងប្រកបដោយសមធម៌ និរន្តរភាព និងការផលិតស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ។
*ទី២៖ តើបច្ចុប្បន្ននេះ យើងមានអ្វីខ្លះជាគម្រូនៃការផលិតស្បៀង ដែលគិតគូរដល់អាហារូបត្ថម្ភ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន?
*ទី៣៖ ការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ដល់ការផលិតស្បៀង ដែលគិតគូរដល់អាហារូបត្ថម្ភ និងភាពធន់ប្រព័ន្ធអេកូឡូស៊ី។
*ទី៤៖ តើកិច្ចសហការរវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ និងអង្គការ IIRR អាចនឹងផ្តល់បទពិសោធន៍ល្អៗអ្វីខ្លះដល់យើងទាំងអស់គ្នា ដែលរំពឹងចង់បាន តាមរយៈសិក្ខាសាលានេះ សម្រាប់ការពង្រឹងគោល នយោបាយ ឬឯកសារគតិយុត្តនានា សម្រាប់អនុវត្តការអន្តរាគមន៍ពហុវិស័យលប់បំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។
លោក ជា សំណាង បានគូសបញ្ជាក់ថា ទោះបីពិភពលោកជួបនូវវិបត្តិ រួមមានបញ្ហាជំងឺរាតត្បាតសាកលកូវីដ១៩ វិបត្តិបម្រែបម្រួលអាកាសធាតុ និងសង្រ្គាមរុស្សីអ៊ុយក្រែន ក៏កម្ពុជាមិនទាន់មានសញ្ញាធ្ងន់ធ្ងរប៉ះពាល់ខ្លាំងក្លា ដល់បញ្ហាសន្តិសុខស្បៀងនោះទេ។
ក្នុងន័យនេះលោកបញ្ជាក់ថា «យើងក៏ត្រូវតែបន្តខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយបញ្ហាអសន្តិសុខស្បៀង និងការធានាឱ្យបាននូវរបបអាហារសុខភាពដល់ប្រជាជន។ ក្នុងស្មារតីនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ បានគាំទ្រគ្រប់បែបយ៉ាងដល់ការពង្រឹងប្រព័ន្ធស្បៀង ដែលគិតគូរដល់អាហារូបត្ថម្ភ ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយពង្រឹង និងកែប្រែវិធីសាស្រ្តនៅក្នុងរបៀប នៃការផលិតអាហារ ការដឹកជញ្ជូន ការវេចខ្ចប់ ការទុកដាក់ និងការប្រើប្រាស់ជាដើម និងចូលរួមចំណែកអនុវត្តច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានសហការជាមួយអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធរៀបចំផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ ដែលឯកសារនេះត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីខែកញ្ញា ឆ្នាំ២០២១ ហើយជាឯកសារមួយ ដែលមានលក្ខណៈស៊ីជម្រៅ និងប្រទាក់ក្រទ្បាគ្នា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ គឺឈរលើអាទិភាព ចំនួន៤៖
*១៖ លើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា,
*២៖ លើកកម្ពស់ភាពស្វាហាប់របស់យុវជន ស្រ្តី និងជនងាយរងគ្រោះក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀង
*៣៖ ពង្រីកភាពធន់លើមុខរបរចិញ្ចឹមជីវិត និងប្រព័ន្ធស្បៀង
*៤៖ ពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន។ ដើម្បីទទួលបានជោគជ័យនូវប្រព័ន្ធស្បៀងនេះ យើងត្រូវធ្វើការរួមគ្នាជាមួយនឹងតួអង្គពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ ដើម្បីឈានទៅសម្រេចបានការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន បញ្ចប់ភាពអត់ឃ្លាន (Zero Hunger) លប់បំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ (ក្មេងក្រិសក្រិន, ស្គមស្គាំង, ទម្ងន់មិនគ្រប់, ធាត់ជ្រុល) និងការការពារធនធានបរិស្ថាន។
លោក ជា សំណាង បានបន្ថែមថា រាជរដ្ឋាភិបាលបានទទួលស្គាល់ថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗនៅក្នុងសង្គមកម្ពុជា ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍សកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ទន្ទឹមនោះ រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យដ៏មាន សារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម គឺនៅក្នុងបរិបទនៃតម្រូវការអភិវឌ្ឍកម្ពុជាក្នុងដំណាក់ការបច្ចុប្បន្ន និងការឈានទៅសម្រេចជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ជា សំណាង ក៏បានលើកទឹកចិត្តឱ្យការចូលរួមពីលោក លោកស្រីនៅក្នុងសិក្ខាសាលាដោយបានបញ្ជាក់ពីសារៈសំខាន់ និងមានប្រយោជន៍ដល់ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធដែលមានភារកិច្ចសិក្សាស្រាវជ្រាវ រៀបចំគោលនយោបាយ។ល។ ហើយចូលរួមពិភាក្សាគ្នា ចែករំលែកបទពិសោធន៍ និងព័ត៌មាន ក្នុងកិច្ចដំណើរការលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតិតាមរយៈការគិតគូរប្រកបដោយនវានុវត្តន៍។
លោក ជា សំណាង មានជំនឿថា សិក្ខាសាលានាថ្ងៃនេះនឹងរួមចំណែកជួយជំរុញកិច្ចសហការគ្នាទៅវិញទៅមក រវាងក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធទាំងអស់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីរួមចំណែកជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយលើវិស័យប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភនៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង តាមរយៈការកសាងមូលធនមនុស្សឱ្យមានគុណភាព ទាំងកាយសម្បទា គំនិតបញ្ញា និងបច្ចេកទេសជំនាញ៕